ព័ត៌មាន

តំណាងកម្មករធ្វើការងារផ្ទះ ជំរុញឱ្យរដ្ឋាភិបាលផ្តល់សច្ចាប័នលើអនុញ្ញា១៨៩ របស់​ ILO

ភ្នំពេញ៖ អ្នកស្រី យឹម សុធី ប្រធានសមាគមកម្មករធ្វើការងារផ្ទះ បានលើកឡើងថា កម្មករធ្វើការងារផ្ទះភាគច្រើនប្រឈមនឹងម៉ោងការងារ មិនមានពេលសម្រាកជាពិសេសសម្រាប់កម្មករដែលស្នាក់នៅជាប្រចំាជាមួយម្ចាស់ផ្ទះតែម្តង។ ទោះបីជាមានការចរចារជាមួយម្ចាស់ផ្ទះដើម្បីឱ្យកម្មករបានសម្រាកថ្ងៃអាទិត្យយ៉ាងណាក៏ដោយ ក៏កម្មករធ្វើការងារផ្ទះនៅតែមិនមានសិទ្ធិសេរីពេញលេញ ពោលគឺគាត់នៅតែធ្វើការងារផ្ទះនៅថ្ងៃអាទិត្យដដែល។ អ្នកស្រី វ៉ាយ វត្តី ជូនសេចក្តីរាយការណ៍

«អ្វីដែលពួកគាត់ប្រឈមគឺការស្នាក់នៅជាមួយម្ចាស់ផ្ទះជាប្រចាំតែម្តងពិបាកនឹងឱ្យថ្ងៃសម្រាក(day off)ទោះបីតាមរយៈសមាគមចរចាឱ្យគាត់មានថ្ងៃ(day off) ក៏យូរៗទៅថ្ងៃអាទិត្យក៏ពួកគាត់ធ្វើការដដែល ហ្នឹងប្រឈមខ្លាំងមែនទែន គាត់មិនឱ្យសិទ្ធសេរីភាពពេញលេញថា ឥឡូវថ្ងៃអាទិត្យហ្នឹងអ្នកឯងមិនបាច់ធ្វើការទេ អ្នកឯងចង់ទៅណា ឬអ្នកឯងសម្រាកនៅផ្ទះខ្ញុំ តែអ្នកឯងមិនបាច់ធ្វើការ កន្លែងនេះអត់មានសោះហ្មង!»។

នេះជាការលើកឡើងរបស់អ្នកស្រី យឹម សុធី ប្រធានសមាគមកម្មករធ្វើការងារផ្ទះ។ អ្នកស្រីមើលឃើញថា អ្នកធ្វើការតាមផ្ទះភាគច្រើន ពួកគាត់មិនសូវមានសិទ្ធសេរីភាពពេញលេញក្នុងការសម្រាកត្រឹមត្រូវច្បាស់លាស់ទេ។ ដូច្នេះហើយទើបអ្នកស្រីស្នើសុំដល់ភាគីរដ្ឋពាក់ព័ន្ធផ្តល់នូវសច្ចាប័នលើអនុសញ្ញា ១៨៩ និងអនុសញ្ញា១៩០ ILO ដើម្បីការពារសិទ្ធរបស់កម្មករ ពលករបម្រើការងារតាមផ្ទះ លក្ខខណ្ឌការងារនិងការរស់នៅសមរម្យ។

អ្នកស្រី យឹម សុធី៖«បងឃើញថា ប្រសិនបើបានផ្តល់សច្ចាប័ន វាកាន់តែល្អប្រសើរសម្រាប់ គាត់ ព្រោះអីគាត់មានច្បាប់ហ្នឹងវាទាក់ទងនឹងកម្មករតាមផ្ទះ គាត់ធ្វើទេសន្តរប្រវេសការងារកាន់តែល្អថែមទៀត ធ្វើយ៉ាងណាការគោរពសិទ្ធនៅកន្លែងការងារ យើងចង់បានបរិយាបន្នល្អ កិច្ចការទាំងអស់ហ្នឹងខាងសមាគមយើងចង់ឃើញណាស់ យើងមិនចង់ឱ្យមានការមិនគោរពសិទ្ធមនុស្សនៅកន្លែងការងារ គេមិនឱ្យតម្លៃលើកម្មករ ពួកគាត់គឺជាធនធានមួយដែលអភិវឌ្ឍន៍សង្គម ពេលខ្លះ ពេលមានពួកគាត់ទេសន្តរប្រវេសការងារក៏មានចំណូលសេដ្ឋកិច្ចប្រទេសយើងក៏រីកចម្រើន ហើយយើងចង់ឃើញបានអនុសញ្ញា១៨៩ និង១៩០ជាពិសេស ហ្មង!​»។

ជុំវិញរឿងនេះ សមាគមឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធហៅកាត់ថា IDEA នឹងរៀបចំកិច្ចសន្ទនាសង្គមមួយជាមួយស្ថាប័នពាក់ព័ន្ធ មានសមត្ថកិច្ចរបស់រដ្ឋ ជាពិសេសក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ  ។​ លោក វន​ ពៅ ប្រធានសមាគម IDEA បានប្រាប់វិទ្យុស្រ្តីថា កិច្ចសន្ទនានេះ នឹងធ្វើយ៉ាងណាដើម្បីផ្តល់សច្ចាប័នលើអនុសញ្ញា១៨៩ (ILO)ដែលធានាទៅដល់លក្ខខណ្ឌការងារសមរម្យ ទៅដល់អ្នកធ្វើការតាមផ្ទះ ទាំងក្នុង និងក្រៅប្រទេស និងធានាប្រាក់ឈ្នួលអប្បបរមាសម្រាប់អ្នកធ្វើការតាមផ្ទះ។

លោក វ៉ន ពៅ៖«យើងនឹងធ្វើកិច្ចសន្ទនា ឬក៏ចរចារជាមួយអាជ្ញាធររដ្ឋជាពិសេសក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រុមប្រឹក្សាជាតិគាំពារសង្គម ធ្វើយ៉ាងណាដើម្បីឱ្យទទួលផ្តល់សច្ចាប័នលើអនុសញ្ញា១៨៩។ ខ្ញុំសូមបញ្ជាក់ថា អនុសញ្ញា១៨៩ គឺជាអនុសញ្ញារបស់ILO ដែលធានាទៅដល់លក្ខខណ្ឌការងារ សមរម្យ ទៅដល់អ្នកធ្វើការតាមផ្ទះទាំងក្នុង និងក្រៅប្រទេស និងធានាប្រាក់ឈ្នួលអប្បបរមាសម្រាប់អ្នកធ្វើការតាមផ្ទះ»។

ឆ្លើយតបទៅនឹងបញ្ហាខាងលើនេះ លោក កត្តា អន អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលតាមរយៈក្រសួងការងារកំពុងតែពិភាក្សាជាមួយអង្គការពលកម្ម អន្តរជាតិ ILO ដើម្បីធ្វើការកំណត់ប្រាក់ឈ្នួល និងដំឡើងប្រាក់ឈ្នួលទៅដល់វិស័យផ្សេងៗទៀតក្នុងនោះ គ្រប់វិស័យ ក៏ជាមុខសញ្ញាជាទិសដៅ ដែលក្រសួងត្រូវធ្វើ ដើម្បីធ្វើឱ្យមានការកំណត់នូវអត្រាប្រាក់ឈ្នួលអប្បបរមា និងធ្វើការដំឡើងជាបន្តបន្ទាប់ឱ្យដូចកម្មករនិយោជិតក្នុងវិស័យកាត់ដេរ ដែរ។

លោក កត្តា អន៖«ចំពោះបងប្អូនពលករកម្ពុជាដែលទៅធ្វើការក្រៅប្រទេស ជាអ្នកបម្រើតាមផ្ទះ ក្រសួងការងារបានយកចិត្តទុកដាក់តាមដានព័ត៌មាន តាមរយៈកិច្ចសហប្រតិបត្តិការជាមួយប្រទេសទទួលពលករ ក្រុមហ៊ុនទទួលពលករ ក្រុមហ៊ុនបញ្ជូនពលករ ក៏ដូចជាពលករ ដើម្បីធានាថាបងប្អូនធ្វើការនៅទីកន្លែងច្បាស់លាស់ ពុំមានការ ជួញដូរ ពុំមានការរើសអើង ពុំមានអំពើហិង្សា ឬការកេងប្រវ័ញ្ចណាមួយទេ គឺត្រូវធានាលក្ខខណ្ឌ និងការផ្តល់អត្ថប្រយោជន៍ទៅតាមច្បាប់ការងារនៃប្រទេសនោះ»។

សម្រាប់អ្នកនាំពាក្យក្រសួងការងាររូបនេះ អនុសញ្ញា១៨៩ នៃអង្គការពលកម្មអន្តរជាតិILO មានសារៈសំខាន់ចាំបាច់សម្រាប់អ្នកធ្វើការងារតាមផ្ទះ និងពលករទៅធ្វើការតាមផ្ទះនៃបណ្តាប្រទេសផ្សេងៗគឺធានាការពារសិទ្ធ​ ដូចកម្មករនិយោជិតនៅក្នុងវិស័យផ្សេងដែរ។ លោកថា អនុសញ្ញានេះ​ធានាមិនមានការរើសអើង ធានាប្រាក់ឈ្នួលសមរម្យ និងអត្ថប្រយោជន៍ផ្សេងៗ ធានាម៉ោងការងារ ទៅតាមច្បាប់ការងារ ធានាការថែទាំសុខភាពដូចជាតាមរយៈ ប.ស.ស  ធានាឱ្យមានសិទ្ធសេរីភាពក្នុងការ​ចូលរួមជាមួយសហជីព ធានាឱ្យមានលក្ខខណ្ឌការងារសមរម្យ និងមិនឱ្យមានពលកម្មកុមារ ឬរំលោភបំពានផ្លូវភេទ ឬអំពើហិង្សាផ្សេងៗ និងធានាសមភាពយេនឌ័រ ក្នុងវិស័យការងារ មានន័យថា អ្នកបម្រើការងារតាមផ្ទះ ក៏ដូចជា វិស័យផ្សេង មានប្រាក់ខែប្រហាក់ប្រហែលគ្នា​ ហើយ លើកកម្ពស់តម្លៃការងារ កិត្តិយសការងារ អ្នកធ្វើការតាមផ្ទះ។

របាយការណ៍អង្គការពលកម្មអន្តរជាតិ ILO បានឱ្យដឹងថា នៅទូទាំងសាកលលោក មានកម្មករការងារតាមផ្ទះប្រហែល៥៣លាននាក់។ ក្នុងចំនួននេះមាន ស្ត្រីចំនួនប្រមាណជាង ៨៣ភាគរយ។ ការងារតាមផ្ទះមានចំនួន៧,៥ភាគរយនៃប្រាក់ឈ្នួលសរុប ដែល ស្រ្តីរកបាន។ ពលករទេសន្តរប្រវេសន៍ការងារតាមផ្ទះបានផ្ទេរប្រាក់រាប់ពាន់លានដុល្លាររៀងរាល់ឆ្នាំ ដើម្បីអភិវឌ្ឍន៍ ប្រទេសខ្លួន។ លើសពីនេះទៀត ការងារតាមផ្ទះអាចឲ្យស្ត្រីជាច្រើនចូលរួមក្នុង ទីផ្សារ ពលកម្ម និងបាន

កែលំអរស្ថានភាពសេដ្ឋកិច្ចរបស់ពួកគេផ្ទាល់ដោយការទទួលបានការងារនៅក្រៅផ្ទះ។

ទោះបីជាមានការរួមចំណែកដល់សេដ្ឋកិច្ច និងសង្គមយ៉ាងជាក់ច្បាស់ដោយកម្មករ ការងារតាមផ្ទះ ក៏ដោយពួកគេនៅតែងាយរងគ្រោះចំពោះការរំលោភបំពាន និងការកេងប្រវ័ញ្ច ដោយសារ កង្វះខាត ការគាំពារតាមផ្លូវច្បាប់ និងភាពរស់នៅឯកោដោយសារ ការងាររបស់ពួកគេស្ថិតក្នុងលំនៅដ្ឋានឯកជន។

នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១១ សន្និសីទអន្តរជាតិខាងការងារនៃអង្គការអន្តរជាតិ ខាងការងារ (ILO) បានអនុម័តឲ្យមានអនុសញ្ញាស្តីពីការងារសមរម្យសម្រាប់កម្មករការងារតាមផ្ទះ(លេខ១៨៩) ឆ្នាំ២០១១ ដោយមានអនុសាសន៍ (លេខ២០១) អមជាមួយផង។ អនុសញ្ញានេះគឺជាលិខិតុបករណ៍អន្តរជាតិលើកដំបូងដែលទទួលស្គាល់ការងារតាមផ្ទះជាការងារ៕

 

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button