ក្រសួងសុខាភិបាលប្រកាសពីការពារខ្លួនពីការឆ្លងបាក់តេរីអង់ត្រាក់ (Bacillus Anthracis)
(ភ្នំពេញ)៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ បានចេញសេចក្តីប្រកាសព័ត៌មាន អំពីការផ្ទុះឡើងនៅប្រទេសជិតខាងនិងបណ្តាប្រទេសមួយចំនួន នូវជំងឺអង់ត្រាក់ឬហៅថាពិសធ្យូងនៅ លើមនុស្ស និងនៅលើសត្វហៅថាជំងឺអង់ត្រាក់ ឬជំងឺឈាមខ្មៅ បង្កឡើងដោយបាក់តេរីដែលបង្កើតស្ទ័រ (spore-forming bacillus anthracis) ។

ក្រសួងសុខាភិបាល បានបញ្ជាក់ថាជំងឺអង់ត្រាក់ឬពិសធ្យូង ជាជំងឺដ៏កម្រ ប៉ុន្តែធ្ងន់ធ្ងរ ដែលអាចកើតមានឡើងជា ចម្បងលើសត្វពាហនៈ និងសត្វព្រៃ។លក្ខណ:ពិសេសនៃមេរោគអង់ត្រាក់ គឺអាចរស់នៅដោយស្រួល ក្រោមរូប ភាពជាគ្រាប់ស្ទ័រ ក្នុងបរិយាកាសខាងក្រៅ។ ស្ទ័ររបស់បាក់តេរីអង់ត្រាក់ ធន់នឹងធាតុអាកាសខាងក្រៅបាន អាចសម្ងំ ដល់រាប់ឆ្នាំ (៣០-៤០ ឆ្នាំ) នៅក្នុងដី សាកសពសត្វ និងលាមកសត្វ។ សត្វស៊ីស្មៅ មាន គោ ក្របី ចៀម ពពែ សេះ អាចឆ្លងមេរោគនេះ ចូលក្នុងខ្លួន បន្ទាប់មកគ្រាប់ស្ទ័រក្លាយជាមេរោគមានចលនា ហើយបញ្ចេញពិសរបស់វា ដែលមានគ្រោះថ្នាក់ដល់សុខភាព។
នៅក្នុងសេចក្តីប្រកាសនោះ ក្រសួងសុខាភិបាល ក៏បានបន្ថែមទៀតផងដែរជំងឺអង់ត្រាក់មានឱសថសម្រាប់ព្យាបាល និងវ៉ាក់សាំងសម្រាប់ចាក់បង្ការ។ រហូតមកដល់បច្ចុប្បន្ននេះមិនទាន់មានការរកឃើញជំងឺនេះនៅព្រះរាជាណាចក្រកម្ពុជានៅឡើយ។ ក្រសួង សុខាភិបាលបន្តពង្រឹងវិធានការសុខាភិបាល តាមច្រកព្រំដែននិងពង្រឹងកិច្ចសហការជាមួយក្រសួងពាក់ព័ន្ធ ក្នុងការទប់ស្កាត់ការនាំចូលជំងឺអង់ត្រាក់ និងជំងឺឆ្លងផ្សេងទៀតពីក្រៅប្រទេស។
ទាក់ទងទៅនិងការឆ្លងបាក់តេរីអង់ត្រាក់ (Bacillus Anthracis) នោះ ក្រសួងសុខាភិបាល ក៏បាន របៀបចម្លងដែលមនុស្សអាចឆ្លងមេរោគអង់ត្រាក់ តាមរយៈការប៉ះពាល់ដោយផ្ទាល់ជាមួយសត្វឈឺ (ស្បែកមុតដាច់ជាច្រកចូលនៃមេរោគ) ឬឆ្លងតាមការសម្លាប់សត្វ ដែលមានជំងឺអង់ត្រាក់ ឬផលិតផលដែលមានដើមកំណើតពីសត្វមានជំងឺអង់ត្រាក់ដូចជា សាច់ ឈាម រោម ឆ្អឹង,ការដកដង្ហើមចូលនូវធូលី ដែលមានស្ទ័រមេរោគអង់ត្រាក់,ការបរិភោគសាច់ដែលមានមេរោគអង់ត្រាក់,ប្រើម្ជុលសឺរ៉ាំងរួមគ្នាជាមួយអ្នកមានជំងឺអង់ត្រាក់ និងមេរោគអង់ត្រាក់មិនមានភស្តុតាងឆ្លងរាលដាលពីមនុស្សទៅមនុស្សនោះទេ ប៉ុន្តែដំបៅស្បែកលើអ្នកជំងឺ អង់ត្រាក់អាចឆ្លងខ្លាំង។
សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល ក៏បានបង្ហាញពី រោគសញ្ញាគឺមាន ៣ សណ្ឋានដែលទីមួយនោះដែលទាក់ទងទៅនិងសណ្ឋានលើស្បែក ដូចជាមេរោគឆ្លងតាមស្បែកមានដាច់ឬរបួសដោយប៉ះពាល់ផ្ទាល់ជាមួយសត្វប្រឡាក់ដោយស្ទ័របស់មេរោគ, រយៈពេលបង្ករោគមានចាប់ពី១ ទៅ៧ថ្ងៃ បន្ទាប់ពីការឆ្លងមេរោគអង់ត្រាក់ និងដុំរមាស់ដែលមានលក្ខណៈស្រដៀងនឹងសត្វល្អិតខាំ បន្ទាប់មកប្រែទៅជាឈឺចាប់ជាមួយនឹងចំណុចកណ្តាល ខ្មៅ មាននៅលើមុខ ក ដៃ ហើមកូនកណ្តុរ។ មនុស្សឆ្លងជំងឺមួយចំនួនមានរោគសញ្ញាដូចជា ឈឺក្បាល ឈឺ សាច់ដុំ គ្រុនក្តៅ និងក្អួត។ ចំណែកឯរោគសញ្ញាទី២គឺផ្តោតទៅលើសណ្ឋានក្រពះ-ពោះវៀនរួមានការឆ្លងតាមការបរិភោគស្ទ័រចូល ដូចជាបរិភោគសាច់មានមេរោគអង់ត្រាក់,រយៈពេលបង្ករោគមានចាប់ពី២ ទៅ៥ថ្ងៃ និងអាការៈដំបូងដូចជាពុលអាហារ ប៉ុន្តែអាចមាន ឈឺពោះ ក្អួត ចង្អោរ ក្អួតឈាម រាកធ្ងន់ធ្ងរ រាកឈាម គ្រុនក្តៅ ញាក់ ហើមក ហើមកូនកណ្តុលនៅក ឈឺក ឈឺបំពង់ក ឈឺក្បាល មុខក្រហម ភ្នែកក្រហម សន្លប់។រោគសញ្ញាចុងក្រោយនោះដែរគឺសណ្ឋានផ្លូវដង្ហើមដែលជាករណីធ្ងន់ធ្ងរ ប៉ុន្តែកម្រកើតមាន, កើតឡើងដោយសារការបរិភោគសាច់មានមេរោគអង់ត្រាក់ ឬដកដង្ហើមចូលស្ទ័រមេរោគច្រើនទៅក្នុងសួត, រយៈពេលបង្ករោគមានចាប់ពី១ ទៅ៦ថ្ងៃ និងរោគសញ្ញាស្រដៀងនិងជំងឺគ្រុនផ្តាសាយ ប៉ុន្តែវិវត្តយ៉ាងរហ័សទៅជា ពិបាកដកដង្ហើម ក្អួត ចង្អោរ និងឈឺ ពោះ ឈឺក្បាល បែកញើស អស់កម្លាំងខ្លាំង និងមានអាការឈឺទ្រូងដែលអាចមានកកឈាមនៅក្នុងបេះដូង ហូរឈាមនៅសន្ទះខ័ណ្ឌចន្លោះសួត ហើយស្បែកប្រែពណ៌ស្វាយ។
ដើម្បីបញ្ជៀសពីការឆ្លងនៃជំងឺនេះក្រសួងសុខាភិបាលក៏បានពន្យល់បន្ថែមពីវិធានការណ៍បង្ការការឆ្លងដែលត្រូវអនុវត្តរួមនោះគឺការចៀសវាងប៉ះពាល់ដោយផ្ទាល់ជាមួយសត្វដែលសង្ស័យថាមានជំងឺអង់ត្រាក់, ហាមបរិភោគសត្វដែលងាប់ដោយសារជំងឺអង់ត្រាក់,សាកសពសត្វដែលងាប់ត្រូវយកទៅកប់ ឬដុតកំទេចចោលនិងមិនត្រូវវះពិនិត្យសាកសពដែលងាប់ដោយសារជំងឺនេះទេ។
នៅចុងបញ្ចប់នៃសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា គឺបានផ្តល់ព័ត៌មានបន្ថែមថា ត្រូវប្រញាប់បញ្ជូនអ្នកជំងឺសង្ស័យទៅកាន់មន្ទីរពេទ្យជាបន្ទាន់ដើម្បីទទួលការព្យាបាលឱ្យទាន់ពេលវេលា ឬទំនាក់ ទំនងមកលេខ ១១៥។