ព័ត៌មានព័ត៌មានជាតិ

បុរសអាយុ ២៨ឆ្នាំបានស្លាប់ដោយសារជំងឺផ្តាសាយបក្សី

ជំងឺផ្ដាសាយបក្សី (Avian Influenza) គឺជាជំងឺឆ្លងដែលបង្កឡើងដោយវីរុសផ្ដាសាយ។ វាជាទំរង់មួយនៃជំងឺកំណត់ដែលអាចឆ្លងឆ្លៀតពីបក្សីទៅមនុស្ស។

 

 

ខេត្តកំពងចាម៖ ប្រជាពលរដ្ឋម្នាក់មានអាយុ២៨ឆ្នាំ ២៨ឆ្នាំបានស្លាប់ដោយសារជំងឺផ្តាសាយបក្សីគឺដោយសារមានវិជ្ជមានវីរុសផ្តាសាយបក្សី ប្រភេទហាស់៥ អ៊ុន១ (H5N1) ពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ ដែលមាន ទីលំនៅក្នុងភូមិលេខ២២ ឃុំចម្ការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម។

ជំងឺផ្ដាសាយបក្សី (Avian Influenza) គឺជាជំងឺឆ្លងដែលបង្កឡើងដោយវីរុសផ្ដាសាយ។ វាជាទំរង់មួយនៃជំងឺកំណត់ដែលអាចឆ្លងឆ្លៀតពីបក្សីទៅមនុស្ស។

លោកវេជ្ជបណ្ឌិត គីមសួរ ភីរុណ ប្រធានមន្ទីរសុខាភិបាលរដ្ឋបាលខេត្តកំពង់ចាម បានបញ្ជាក់ពីទាក់ទងទៅនឹងករណីស្លាប់ដោយសារជំងឺផ្តាសាយបក្សីនៅក្នុងខេត្តកំពង់ចាមនៅថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២៥ ​បានឲ្យដឹងថា ប៉ុន្មានថ្ងៃកន្លងទៅនេះ បុរសម្នាក់ មានអាយុ ២៨ឆ្នាំ រស់ភូមិ២២ ឃុំចំការអណ្តូង នៅស្រុកចំការលើ មានជម្ងឺបន្ទាប់មកគាត់បានទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ មិត្តភាពខ្មែរសូវៀត ។ ក្នុងការសម្រាកព្យាបាលនោះ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត បានធ្វើសំណាក រកឃើញថា បុរសនោះបានឆ្លងជំងឺផ្ដាសាយបក្សី ប៉ុន្តែដោយសារទុកជំងឺនេះមានសភាពធ្ងន់ធ្ងរ ធ្វើឱ្យគ្រូពេទ្យសង្គ្រោះលែងបាន ត្រូវបានបាត់បង់ជីវិត ក្រោយពេលសម្រាកព្យាបាលនៅមន្ទីរពេទ្យបានមួយសប្តាហ៍ ។

លោកវេជ្ជបណ្ឌិត បានឲ្យដឹងទៀតថា ក្រោយពីករណីខាងលើកើតឡើង នៅព្រឹកថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២៥ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានណែនាំបញ្ជាឲ្យមន្ទីរអង្គភាព គ្រប់ជំនាញពាក់ព័ន្ធ ចុះត្រួតពិនិត្យដល់កន្លែងកើតហេតុ ដើម្បីស្រាវជ្រាវលើករណីនេះ នឹងធ្វើការអប់រំផ្សព្វផ្សាយ និងមានវិធានការដើម្បីទប់ស្កាត់កុំឲ្យជំងឺនេះ រីករាលដាលនៅក្នុងសហគមន៍បន្តទៀត ។

ពាក់ព័ន្ធករណីខាងលើនេះផងដែរ ក្រសួងសុខាភិបាល បានចេញប្រកាសស្តីពីករណីស្លាប់ដោយសារជំងឺផ្តាសាយបក្សី លើបុរសអាយុ២៨ឆ្នាំ នៅស្រុកចំការលើ ខេត្តកំពង់ចាមកាលព្រឹកថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២៥ នេះ និងបានក្រើនរំលឹកសារជាថ្មីម្តងទៀត ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមយកចិត្តទុកដាក់ប្រុងប្រយ័ត្នលើជំងឺផ្តាសាយបក្សីជាពីព្រោះវាអាចធ្វើឱ្យប្រឈមនឹងហានិភ័យខ្ពស់ដូអ្នកជំងឺដែលបានបាត់បង់ជីវិតខាងលើនោះ ៕

ខេត្តក្រចេះ ៖ មិនមែនមានតែករណីបាត់បង់ជីវិតដោយសារជំងឺ​ផ្តាសាយបក្សី H5N1មិនមែនមានតែនៅក្នុងខេត្តកំពង់ចាមនោះទេ, នៅខេត្តក្រចេះ កាល​ពី​ថ្ងៃទី​៨ ខែ​កុម្ភៈ ឆ្នាំ​២០២៤ ក៏មានកុមារ​ម្នាក់​អាយុ​៩​ឆ្នាំ រស់​នៅ​ក្នុង​ភូមិកាប៉ូ១ ឃុំអូរឫស្សី ក្រុង​ក្រចេះ ខេត្ត​ក្រចេះ បាន​ស្លាប់​ដោយ​សារ​ជំងឺ​ផ្តាសាយ​បក្សី ឬ H5N1 ដែល​ជា​ជំងឺ​បំផ្លាញ​ផ្លូវ​ដង្ហើម នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួង​សុខាភិបាល​កម្ពុជា​។

ការចិញ្ចឹមមាន់ជាលក្ខណៈគ្រួសារដើម្បីផ្គត់ផ្គង់និងសេដ្ឋកិច្ចប្រចាំថ្ងៃគឺស្ទើរតែមានគ្រប់កន្លែងនិងគ្រប់ខេត្តនៃប្រទេសកម្ពុជា, បងប្រុសសុភ័ក្រ្តដែលក្រុមការងារដាក់ឈ្មោះឲ្យក៏មានការព្រួយបារម្ភអំពីជំងឺជំងឺ​ផ្តាសាយបក្សី សីពីព្រោះលោកក៏ជាអ្នកចិញ្ចឹមមាន់លក្ខណៈគ្រួសារផងដែរ។ លោកលើកឡើងថា “ខ្ញុំមិនមានការបង្រៀនបណ្ដុះបណ្ដាលបច្ចេកទេសក្នុងការចិញ្ចឹមមាន់លក្ខណៈគ្រួសារនោះទេ”ដោយលោកក៏បានបន្តទៀតថា៖ (វិដេអូ)

ការយល់ដឹងអំពីជំងឺ​ផ្តាសាយបក្សី វាជារឿងដ៏សំខាន់សម្រាប់យុវជនគ្រប់រូបនេះបើតាមការលើកឡើងរបស់ប្អូនប្រុស ញ៉ែម​ មករា​ ជាសិស្សថ្នាក់ទី​ ១២​ A នៅវិទ្យាល័យសង្កែនៃខេត្តបាត់ដំបង៖(សំឡេង/វិដេអូ)

ដើម្បីបង្ការនូវជំងឺផ្ដាសាយបក្សី លោកហួត សួ មានតូនាទីជាមន្ត្រីវិភាគព័ត៌មាននៅវិទ្យាស្ថានស្រាវជ្រាវសុខភាពសត្វ ប្រចាំខេត្តបាត់ដំបងតែងតែចុះយកសំណាក់ដើម្បីពិនិត្យរកមេរោគជំងឺផ្ដាសាយបក្សី នៅកន្លែងសត្វឃាតគឺជាកិច្ចការដ៏សំខាន់ ជាពិសេសនៅពេលរដូវមានបុណ្យទាន៖ (វិដេអូរ)

នៅក្នុងសន្និសីទអន្តរជាតិបណ្តាញប៉ាស្ទ័រ ស្តីពី “ជំងឺគ្រុនផ្តាសាយបក្សី” ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ គឺបានត្រូវបានគេរកឃើញជាលើកដំបូងនៅក្នុងប្រទេសកម្ពុជាលើបក្សីព្រៃក្នុងខែធ្នូ ឆ្នាំ២០០៣។ ហើយចាប់តាំងពីឆ្នាំ២០០៤ រហូតដល់បច្ចុប្បន្ន មានករណីលើមនុស្ស សរុបចំនួន ៧២នាក់ ក្នុងនោះមាន៤៣នាក់បានបាត់បង់ជីវិតក្នុងរយៈពេលពីរទសវត្សរ៍ កន្លងមកនេះ។ ចាប់ពីឆ្នាំ ២០១៥ ដល់ឆ្នាំ ២០២២ យើងមិនមានជំងឺផ្តាសាយបក្សីលើមនុស្ស ប៉ុន្តែការកើតឡើងវិញនៃករណីនៅឆ្នាំ២០២៣ ឆ្នាំ២០២៤ បានរំឭកយើងអំពីតម្រូវការសម្រាប់ការប្រុងប្រយ័ត្នជានិច្ច។បទពិសោធន៍ទាំងនេះបានបញ្ជាក់ពីសារៈសំខាន់នៃការឆ្លើយតបដ៏រឹងមាំ និងសម្របសម្រួល។

ក្នុងនោះប្រទេសកម្ពុជាបានប្រកាន់យកនូវវិធីសាស្រ្ត One Health ដោយទទួលស្គាល់ថាសុខភាពមនុស្ស សត្វ និងបរិស្ថានមានទំនាក់ទំនងគ្នាយ៉ាងស៊ីជម្រៅ។ តាមរយៈកិច្ចសហការយ៉ាងជិតស្និទ្ធរវាងក្រសួងសុខាភិបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន យើងបានពង្រឹងការរកឃើញទាន់ពេលវេលា បង្កើនការយល់ដឹង និងបង្កើតយុទ្ធសាស្ត្រឆ្លើយតបប្រកបដោយប្រសិទ្ធភាពបន្ថែមទៀត។

ទោះយ៉ាងណាក៏ដោយ, ក្រសួង​សុខាភិបាល​ក៏​បាន​ក្រើន​រំឭក​សាជាថ្មី​ដល់​ប្រជា​ពលរដ្ឋទាំងអស់​ឱ្យយក​ចិត្ត​ទុក​ដាក់​ប្រុង​ប្រយ័ត្ន​លើ​ជំងឺផ្តាសាយ​បក្សី​ជានិច្ច ពី​ព្រោះ​ជំងឺ​នេះ​«នៅ​តែ​បន្ត​គំរាម​កំហែង​ដល់​សុខភាព​ប្រជាពលរដ្ឋ»។ ក្រសួង​បញ្ជាក់​ថា ​ប្រសិន​បើ​មាន​អាការៈ​ក្តៅ​ខ្លួន ក្អក ហៀរ​សំបោរ ឬ​ពិបាក​ដក​ដង្ហើម និង​មាន​ប្រវត្តិ​ធ្លាប់​បាន​ប៉ះពាល់​ជាមួយ​មាន់​ទាឈឺ​ឬ​ស្លាប់​ក្នុង​អំឡុង​១៤​ថ្ងៃ ត្រូវ​ស្វែង​រក​ការ​ពិគ្រោះ​យោបល់​ និង​ការ​ពិនិត្យ​ព្យាបាល​នៅ​តាម​មូលដ្ឋាន​សុខាភិបាល ដែល​នៅ​ជិត​បំផុត។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល៕

សូមបញ្ជាក់ថា ប្រជាពលរដ្ឋម្នាក់មានអាយុ២៨ឆ្នាំ ២៨ឆ្នាំបានស្លាប់ដោយសារជំងឺផ្តាសាយបក្សីគឺដោយសារមានវិជ្ជមានវីរុសផ្តាសាយបក្សី ប្រភេទហាស់៥ អ៊ុន១ (H5N1) នៅខេត្តកំពង់ចាមកាលព្រឹកថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២៥ នេះគឺជាករណីទី១ ក្នុងឆ្នាំ ២០២៥។

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button