ព័ត៌មាន

សមត្ថកិច្ចថៃ ស៊ើបអង្កេតរឿងនៅពីក្រោយឃាតកម្មលើអតីតតំណាងរាស្ត្រខ្មែរ

បន្ទាប់ពីចាប់ខ្លួន ឃាតករដែលបាញ់សម្លាប់លោក លិម គិមយ៉ា អតីតសមាជិកសភាគណបក្សសង្គ្រោះជាតិ និងបញ្ជូនទៅឱ្យប្រទេសថៃ សមត្ថកិច្ចថៃ ប្រកាសនឹងបើកការស៊ើបអង្កេតឱ្យបានហ្មត់ចត់ពាក់ព័ន្ធរឿងនៅពីក្រោយឃាតកម្មលើអតីតតំណាងរាស្ត្រខ្មែរនេះ។ កញ្ញា ជា សុខនី រាយការណ៍

 

 

លោក លិម គិមយ៉ា អតីតសមាជិកសភាគណបក្សសង្គ្រោះជាតិ ដែលមាន​សញ្ជាតិ​ពីរ គឺ​ខ្មែរ និង​បារាំង ត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់នៅប្រទេសថៃ កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥។ ក្រោយមួយថ្ងៃនៃឃាតកម្មនេះ សមត្ថកិច្ចកម្ពុជា បានចាប់ខ្លួនឃាតករឈ្មោះលោក ឯកកាឡាក់ ភាណយ (Ekkalak Pheanou) ជាអតីតទាហានជើងទឹកថៃ ក្នុងខេត្តបាត់ដំបង នៅពេលឃាតកររូបនេះឆ្លងដែនចូលមកកម្ពុជា កាលពីថ្ងៃទី៨ ខែមករានេះ។

តាមរយៈការចុះផ្សាយកាសែតបាងកកប៉ុស្តិ៍នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥នេះ អ្នកនាំពាក្យក្រសួងការបរទេសថៃលោក នីខនដេច បាឡានគូរ៉ា (Nikorndej Balankura) បញ្ជាក់ថា ករណីនេះអាជ្ញាធរមានសមត្ថកិច្ចថៃ​កំពុងយកចិត្តទុកដាក់ធ្វើការស៊ើបអង្កេតឱ្យបានពេញលេញ និងដោយហ្មត់ចត់ដើម្បីបើកការកាត់ទោសតាមនីតិវិធីច្បាប់ ដ្បិតរឿងហេតុនេះគឺពាក់ព័ន្ធនឹងការព្រួយបារម្ភអំពីសុវត្ថិភាពសាធាណៈក្នុងប្រទេសថៃ។

ដោយឡែកអ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក ជីរ៉ាយូ ហួងស៊ឹប (Jirayu Houngsub) ប្រាប់ថា អាជ្ញាធរថៃនឹងស៊ើបអង្កេត ដោយឈានទៅកំណត់ហេតុផលនៅពីក្រោយ ការសម្លាប់នេះ ថាជារឿងផ្ទាល់ខ្លួន ឬអាចពាក់ព័ន្ធនឹងរឿងអ្វីផ្សេង។ លោកបញ្ជាក់ថា ថៃមិនចង់ឱ្យរឿងរ៉ាវទាក់ទងការស្លាប់របស់អ្នកនយោបាយបក្សប្រឆាំងនេះ មានឥទ្ធិពលក្នុងនយោបាយនោះឡើយ ដ្បិតនាំផលប៉ះពាល់ដល់មុខមាត់ប្រទេសថៃ។

ឃាតកម្មលើអតីតសមាជិកសភារូបនេះ ត្រូវបានអ្នកនយោបាយខ្មែរពីបក្សប្រឆាំង និងអង្គការសិទ្ធិមនុស្សជាតិ​-អន្តរជាតិ ចេញប្រតិកម្ម និងថ្កោលទោសលើករណីនេះ។ ក្រៅពីប្រតិកម្មហើយ ពួកគេដាក់ការសង្ស័យ និងចោទប្រកាន់ថ្នាក់ដឹកនាំរដ្ឋាភិបាលកម្ពុជាថា នៅពីក្រោយឃាតកម្មបាញ់សម្លាប់លោក លិម គិមយ៉ា។

លោក លិម គិមយ៉ា អតីតសមាជិកសភាគណបក្សសង្គ្រោះជាតិ។ រូបភាពពីបណ្ដាញសង្គមហ្វ៊េសប៊ុក។

ការសង្ស័យរបស់អ្នកនយោបាយប្រឆាំងទាំងនោះ ដោយសារអតីតសមាជិកសភារូបនេះ តែងតែរិះគន់រដ្ឋាភិបាល ជាពិសេសក្រុមគ្រួសារថ្នាក់ដឹកនាំកម្ពុជា ជុំវិញការរៀបចំព្រឹត្តិការណ៍ផ្សេងៗដែលមិនបានផ្ដល់ប្រយោជន៍ជូនប្រជាពលរដ្ឋ និងសង្គមជាតិ។ មួយវិញទៀតឃាតករដែលបាញ់សម្លាប់លោក គឹមយ៉ា បានរត់គេចខ្លួនឆ្លងដែនមកកម្ពុជា ស្របពេលដែលថ្នាក់ដឹកនាំកម្ពុជា មកដល់ពេលនេះរក្សាភាពស្ងៀមស្ងាត់ មិនចេញប្រតិកម្មអ្វីចំពោះពលរដ្ឋខ្លួនដែលត្រូវឃាតករបាញ់សម្លាប់ក្នុងប្រទេសថៃ។

ប៉ុន្តែលោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់ប្រាប់វិទ្យុស្ដ្រីនៅថ្ងៃ៩ ខែមករានេះថា រាជរដ្ឋាភិបាល មានក្រុមការងារ និងអ្នកជំនាញ ដែលធ្វើការទៅលើករណីនេះដោយស្ងៀមស្ងាត់ មិនមែនផ្ទុះឃាតកម្មឡើងធ្វើឱ្យផ្អើលរវាងប្រទេសទាំងពីរទេ។ ដូច្នេះមតិរិះគន់ដែលចោទរដ្ឋាភិបាលថាមិនប្រតិកម្មចំពោះឃាតកម្មនេះ ដោយសារអ្នករិះគន់ទាំងនោះមិនយល់ពីនីតិវិធីធ្វើការងារគ្រប់គ្រងរដ្ឋ និងមិនយល់ពីការងារដឹកនាំរបស់រដ្ឋាភិបាល។

លោក ប៉ែន បូណា៖ «ក្នុងនាមរដ្ឋាភិបាលនីមួយៗគេអត់ធ្វើការស្រែកជេរចាចដូចសត្វចាបដូចក្រុមមនុស្សមួយចំនួនធ្វើនោះទេបាទ! គឺគេធ្វើកិច្ចការទៅតាមជំនាញ គេសហការគ្នាជិតស្និទ្ធនៅក្នុងក្របខ័ណ្ឌជំនាញនៃបច្ចេកទេសនិងភាពសម្ងាត់។ ឧទាហរណ៍ ករណីឃាតកម្មហ្នឹងប្រសិនបើអត់មានកិច្ចសហការគ្នាល្អ  រវាងអាជ្ញាធរកម្ពុជា និងថៃទេ ធ្វើម៉េចបានយើងចាប់ជនសង្ស័យបាន បើជនសង្ស័យរត់គេចខ្លួនឆ្លងដែនមកកម្ពុជាអ៊‌ីចឹង អាហ្នឹងបង្ហាញពីកិច្ចសហការគ្នាយ៉ាងល្អ ប៉ុន្តែគេអត់មានទៅស្រែកតាមបណ្ដាញសង្គម អត់មានទៅស្រែកតាមព័ត៌មានទេ»។

អ្នកនាំពាក្យរូបនេះបន្ថែមថា រដ្ឋាភិបាលស្ងាត់ មិនចេញប្រតិកម្មជុំវិញឃាតកម្មលើលោក លិម គិមយ៉ា នេះ ក៏ដោយសារកម្ពុជា និងថៃ មានការគោរពអធិបតេយ្យគ្នាទៅវិញទៅមក ហើយលោកសង្ឃឹមថា ទាំងអ្នកនយោបាយបក្សប្រឆាំង និងអង្គការសង្គមជាតិ-អន្តរជាតិ ចូលរួមពិចារណាឡើងវិញលើការចោទប្រកាន់រដ្ឋាភិបាលថាមិនបានខ្វល់ខ្វាយឃាតកម្មនេះ។

វិទ្យុស្ដ្រីព្យាយាមទាក់ទងលោក ឆាយ គឹមឃឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ ជាច្រើនដង មកដល់រសៀលថ្ងៃទី៩ មករានេះមិនមានការឆ្លើយតបពីលោកឡើយជុំវិញការស៊ើបអង្កេតលើជនដែលពាក់ព័ន្ធជាមួយឃាតករដែលបាញ់សម្លាប់លើលោក លិម គិមយ៉ា៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button