តម្លៃស្រូវចុះថោកកសិករ អំពាវនាវសុំកិច្ចជួយអន្តរាគមន៍ពីរដ្ឋាភិបាល

ភ្នំពេញ៖ ប្រជាកសិករដាំដុះដំណាំស្រូវមួយចំនួនតាមបណ្តាខេត្តផ្សេងៗបានត្អូញត្អែ អំពីតម្លៃស្រូវបានធ្លាក់ចុះកាលពីចុងខែធ្នូ ឆ្នាំ២០២៤ រួចបន្តចុះថ្លៃនៅដើមឆ្នាំ២០២៥នេះទៀត ដោយកសិករស្នើសុំការជួយអន្តរាគមន៍ពីរដ្ឋាភិបាលឱ្យជួយរកទីផ្សារ ជៀសវាងកើតមានបញ្ហាធ្លាក់ថ្លៃស្រូវ អង្ករ បន្តទៀត។ អ្នកស្រីវ៉ាយ វត្តីជូនសេចក្តីរាយការណ៍
នៅដើមឆ្នាំ២០២៥ នេះតម្លៃស្រូវបានធ្លាក់ចុះ ធ្វើឱ្យប្រជាកសិករមួយចំនួនត្អូញត្អែរអំពីបញ្ហាធ្លាក់ថ្លៃស្រូវ។ កសិករម្នាក់នៅស្រុកគីរីវង្ស ខេត្តតាកែវ បាននិយាយបា្រប់វិទ្យុស្រ្តីថា ឆ្នាំនេះតម្លៃស្រូវបានធ្លាក់ចុះត្រឹម ៨០០រៀល សម្រាប់ស្រូវពូជអ៊ីអ៊ែរ ដោយប្រៀបធៀបនឹងឆ្នាំមុនតម្លៃស្រូវបានថ្លៃដល់ជាង១០០០រៀលក្នុងមួយគីឡូក្រាម។ លោក មុះ មឿន បានឱ្យដឹងបន្ថែមទៀតថា ស្របពេលតម្លៃស្រូវចុះថោកនៅឆ្នាំនេះទេ កសិករក្នុងតំបន់របស់លោកថែមទាំងរងគ្រោះមួយជាន់ទៀតគឺបញ្ហាសត្វកណ្តុរបំផ្លាញដំណាំស្រូវ កត្តានេះធ្វើឱ្យកសិករបង់ខាតច្រើនណាស់។
លោក មុះ មឿន៖«ជាទូទៅតម្លៃរាល់ឆ្នាំមាន១០០០រៀលតិចតួច ថ្លៃបំផុត១២០០រៀល បើតាមតម្លៃដូចរាល់ថ្ងៃនេះអត់ចំណេញទេ កសិករទាំងអស់គឺដឹងតែខាតហើយ បើតម្លៃខ្ទង់មួយពាន់រៀល មួយពាន់រៀលជាងអាចសល់តិចតួច បើថាក្រោម១ពាន់រៀល នេះក្រោមខ្លាំង៧០០រៀលទៅ៨០០រៀល ហើយផលបានសល់តិច ពីកណ្តុរទៀតវារឹតតែខាត»។
កសិកររូបនោះ បានឱ្យដឹងបន្ថែមថា ប្រជាកសិករប្រមាណ ៨០ទៅ៩០ភាគរយ ភាគច្រើនធ្វើស្រែប្រភេទពូជស្រូវអ៊ីអ៊ែរ ស្រូវអូអឹម OM 54 សម្រាប់លក់ឱ្យឈ្មួញកណ្តាលដែលមកទិញយកទៅលក់បន្តនៅប្រទេសវៀតណាម។ លោកថា ពូជស្រូវអ៊ីអ៊ែរ ប្រភេទស្រូវពូជស្រាលងាយស្រួលធ្វើ និងធ្វើបាន២ដងក្នុងមួយឆ្នាំ ទទួលបានទិន្នផលជាមធ្យមពី ៥ ទៅ ៦ តោនក្នុងមួយហិកតា។ ទាក់ទងនឹងតម្លៃស្រូវឆ្នាំនេះធ្លាក់ថ្លៃ លោកក៏សំណូមពរដល់រាជរដ្ឋាភិបាលជួយដល់កសិករផង។
លោក មុះ មឿន៖«បើតាមសំណូមពរ របស់ខ្ញុំសុំឱ្យរដ្ឋាភិបាលជួយឱ្យតម្លៃស្រូវលើ១០០០រៀល កាលណាបើកសិករបានតម្លៃស្រូវគ្រាន់បើទៅ យើងរកស៊ីអី យើងលក់អីក៏វាដាច់ ឱ្យតែកសិករមានលុយ អ្នកនៅផ្សារគាត់លក់អីក៏ដាច់ លក់មាស ក៏ដាច់ លក់ខោអាវក៏ដាច់ តែកសិករអត់មានពីដើមហេតុអត់មានពីដំបូងហើយគឺស្ងាត់គ្រប់កន្លែង»។
ស្រដៀងគ្នានេះដែរ អ្នកស្រី វឿន សាវី កសិករនៅស្រុកឯកភ្នំ ខេត្តបាត់ដំបង បានប្រាប់វិទ្យុស្រ្តីថា អ្នកស្រីជួលដីក្រុមហ៊ុនចំនួន ៥ហិកតា ធ្វើស្រែប្រភេទពូជស្រូវអូអឹម៥១លក់បានមួយគីឡូ៨០០រៀលនៅឆ្នាំនេះ។ សម្រាប់អ្នកស្រីតម្លៃនេះមិនឆ្លើយតបនឹងថ្លៃជី និងថ្លៃជួលដីគេនោះទេ។ ចំពោះមុខហេតុការណ៍នេះ អ្នកស្រីស្នើដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជួយរកទីផ្សារឱ្យកសិករធ្វើយ៉ាងលក់ឱ្យបានថ្លៃជាង១០០០រៀលក្នុងមួយគីឡូក្រាមឡើង ទើបកសិករសង្ឃឹមទទួលបានប្រាក់ចំណេញខ្លះ។
អ្នកស្រីវឿន សាវី៖«ស្រូវខាងខ្ញុំនេះអូអឹមមួយគីឡូ៨០០រៀល ប្រជាកសិករនៅទីនេះស្រែដល់ហើយមិនដឹងថាលក់តែស្រូវនេះ សងថ្លៃជី ថ្លៃដី មិនរួចមិនដឹងគិតរបៀបណា ប្រជាកសិករចង់សំណូមពរក្រសួងកសិកម្មជួយរកទីផ្សារឱ្យបានឡើងថ្លៃជាងហ្នឹង១០០០រៀលឡើងទៅហ្នឹងអាចចំណេញបានខ្លះ»។
ជុំវិញករណីស្រូវធ្លាក់ថ្លៃនេះកញ្ញា អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា កសិករមានការត្អូញត្អែអំពីតម្លៃស្រូវឆ្នាំនេះ ព្រោះកសិករសង្ឃឹមបានតម្លៃខ្ពស់ដូចឆ្នាំ២០២៣ ដែលមានតម្លៃដល់១២០០ ទៅ១៣០០រៀលក្នុងមួយគីឡូក្រាម។ ពាក់ព័ន្ធនឹងការស្នើសុំរបស់ប្រជាកសិកររឿងស្រូវធ្លាក់ថ្លៃនេះកញ្ញា អ៊ឹម រចនា ថាក្រសួងបានទទួលដឹងឮហើយ តែកន្លងមកក្រសួងក៏តែងតែបានជម្រាបជូនទៅកសិករផងដែរថា កម្ពុជាមានពូជស្រូវយុទ្ធសាស្រ្តសម្រាប់ការនាំចេញទៅកាន់ទីផ្សារបរទេស ពិសេសប៉ែកអឺរ៉ុបដែលអាចធានាបាននូវតម្លៃពេលច្រូតកាត់ហើយលក់ចេញ គឺពូជស្រូវផ្ការំដួល និងពូជស្រូវសែនក្រអូប។
កញ្ញា អ៊ឹម រចនា៖«ជាការពិតប្រជាកសិករមួយចំនួនលោកមិនចង់ធ្វើស្រូវពូជផ្ការំដួលទេ ព្រោះថាមួយឆ្នាំគាត់ប្រមូលផលបានតែ១លើក។ ក៏ប៉ុន្តែលោកអាចធ្វើស្រូវស្រាលសែនក្រអូបបានច្រើនដងក្នុងមួយឆ្នាំ ហើយប្រសិនបើកសិករព្យាយាម អនុវត្តន៍ទៅតាមអ្វីដែលមន្រ្តីកសិកម្មឃុំ ព្យាយាមពន្យល់ណែនាំឱ្យធ្វើស្រែ ដាំដុះស្រូវតាមលក្ខណៈបច្ចេកទេស ការប្រើប្រាស់ពូជសុទ្ធ ការធ្វើដីឱ្យរាបស្មើ ការប្រើប្រាស់ជីទៅតាមស្តង់ដារ ទាំងអស់ហ្នឹងហើយ នឹងអាចកាត់បន្ថយការចំណាយ ហើយធ្វើឱ្យគាត់ទទួលបានផលចំណេញកាន់តែខ្ពស់»។
ទាក់ទងទីផ្សារស្រូវ អង្ករ ដែលកសិករតែងប្រឈមបញ្ហាធ្លាប់ថ្លៃជាច្រើនឆ្នាំមកហើយ លោក ប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជាប្រាប់វិទ្យុស្រ្តីថា បញ្ហារឿងទីផ្សារស្រូវ អង្ករ របស់កសិករនៅរដូវប្រមូលផលច្រូតកាត់ហើយនេះ ភាគច្រើនគឺពឹងផ្អែកទៅលើឈ្មួញពីប្រទេសវៀតណាម និងប្រទេសថៃ។ កត្តាពឹងពាក់ទីផ្សារបរទេសជិតខាងនេះហើយលោក ប៉ា ចន្ទរឿន ពន្យល់ថា នៅពេលឈ្មួញទាំងពីរប្រទេសនេះ ពិសេសឈ្មួញវៀតណាមមិនមកទិញ នោះនឹងធ្វើឱ្យស្រូវរបស់ប្រជាកសិករត្រូវចាល់ និងត្រូវបង្ខំចិត្តលក់ក្នុងតម្លៃទាបបែបនេះ។
សម្រាប់ដំណោះស្រាយរយៈពេលវែងប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា ផ្តល់យោបល់ថា រដ្ឋាភិបាលគួរតែមានផែនការយុទ្ធសាស្រ្ត និងសិក្សាស្រាវជ្រាវ ក៏ដូចជាមានការចូលរួមពីវិស័យឯកជន ពិសេសអ្នកដែលរកស៊ីខាងរោងម៉ាស៊ីនកិនស្រូវ និងអ្នកនាំចេញស្រូវអង្ករទៅបរទេស ត្រូវតែប្រមើលមើលលទ្ធភាព និងសមត្ថភាពក្នុងការប្រមូលទិញឱ្យច្បាស់លាស់ ក៏ដូចជាចំនួនស្រូវដែលកសិករអាចផលិតបាននៅក្នុងមួយឆ្នាំៗ។ ការធ្វើបែបនេះលោកថា អាចដឹងថាលទ្ធភាពសម្រាប់អ្នកនាំចេញក្នុងស្រុកមានប៉ុន្មាន ទាំងការរកឈ្មួញនូវប្រទេសជិតខាងក៏ដូចជាពង្រីកការនាំចេញស្រូវ អង្ករដែលបច្ចុប្បន្ននេះទីផ្សារនៅក្នុងពិភពលោកនេះក៏មានឱកាសខ្ពស់ផងដែរ។
លោកប៉ា ចន្ទរឿន៖« រដ្ឋាភិបាលត្រូវតែមានគោលនយោបាយលើកទឹកចិត្តដល់ម្ចាស់អាជីវកម្មម៉ាស៊ីនកិនស្រូវ ក៏ដូចជាអ្នកនាំស្រូវ អង្ករទៅក្រៅប្រទេសខ្ញុំជឿជាក់ថា ជាចំណែកមួយអាចជួយដោះស្រាយក្នុងរយៈពេលវែង និងជាដំណោះស្រាយក្នុងរយៈពេលខ្លី រដ្ឋាភិបាលគួរតែមានកញ្ចប់ថវិកា ដើម្បីជួយដល់អ្នករកស៊ីផ្នែកស្រូវអង្ករ ជាពិសេសអាជីវកម្មម៉ាស៊ីនកិនស្រូវដែលអាចផ្តល់ ប្រាក់កម្ចីក្នុងកម្រិតអត្រា ការប្រាក់ទាប ឬក៏អាចបន្ធូរបន្ថយ លក្ខខណ្ឌក្នុងការបង់ពន្ធ ក៏ជាការលើកទឹកចិត្តមួយដើម្បីឱ្យម្ចាស់អាជីវកម្មម៉ាស៊ីនកិនស្រូវ ក៏ដូចជាអ្នករកស៊ីស្រូវ អង្ករនៅក្នុងស្រុកខ្មែរ អាចមានលទ្ធភាពក្នុងការទិញស្រូវពីប្រជាពលដ្ឋ»។
ម្ចាស់រោងម៉ាស៊ីនកិនស្រូវមួយកន្លែងនៅក្នុងខេត្តបាត់បងប្រាប់ឱ្យវិទ្យុស្រ្តីថា តម្លៃស្រូវទើបតែចាប់ផ្តើមធ្លាក់ចុះកាលពីចុងខែធ្នូ ឆ្នាំ២០២៤ និងនៅដើមខែមករា ឆ្នាំ២០២៥នេះតែប៉ុណ្ណោះ។ លោកថា ជាក់ស្តែងតម្លៃស្រូវស្រង៉ែនៅថ្ងៃទី៨ខែមករានេះមានតម្លៃ១០០០រៀល និងស្រូវអូអឹមតម្លៃ៨១០រៀលក្នុងមួយគីឡូក្រាម បើធៀបកាលពីដើមខែធ្នូ ឆ្នាំ២០២៤ តម្លៃស្រូវអូអឹមថ្លៃ១០៤០ ទៅ១០៥០រៀលក្នុងមួយគីឡូក្រាម ។ មូលហេតុដែលស្រូវចុះថ្លៃលោកបញ្ជាក់ថា អាស្រ័យលើអ្នកទិញអង្ករ៖ «និយាយទៅតម្លៃអង្ករអ្នកទិញ អ្នកទិញគេទិញចុះថ្លៃ ដូចខ្ញុំអ្នកទិញ រោងម៉ាស៊ីនអ្នកកណ្តាល លក់បន្ត គេទិញថោក អ៊ីចឹងខ្ញុំទិញស្រូវតម្រូវ ដែលតម្លៃខ្ញុំអាចកិនផលិតជាអង្ករលក់ឱ្យគេបាន ក្រុមហ៊ុនគាត់ចាំសង្កត់តម្លៃដែរហ្នឹង បើក្រុមហ៊ុនដាក់តម្លៃមួយល្អដូចខ្ញុំអ្នកកណ្តាលរោងម៉ាស៊ីន ក៏ទិញស្រូវពីប្រជាកសិករក្នុងតម្លៃមួយសមរម្យ ខ្ញុំក៏លក់អង្ករបានសមរម្យដែរ តែខាងលើគាត់ដាក់តម្លៃទាប ខ្ញុំក៏ទិញលក់តាមហ្នឹងដែរ»។
អ្នកនាំពាក្យក្រសួងកសិកម្ម បានពន្យល់បន្ថែមថាការប្រែប្រួលថ្លៃស្រូវដែលអាចមានពាក់ព័ន្ធនឹងកត្តាមួយចំនួនទៀតដូចជា កត្តាពូជស្រូវ គុណភាពស្រូវ តុល្យភាពផ្គត់ផ្គង់ និងតម្រូវការទីផ្សារ រួមទាំងកត្តាដឹកជញ្ជូនផងដែរ៕