ព័ត៌មាន

កម្ពុជា នៅតែរងឥទ្ធិពលពីគ្រោះមហន្តរាយ ក្នុងចំនួនតិចតួច – WMC

ប្រទេសកម្ពុជានៅតែកើតមានគ្រោះមហន្តរាយមួយចំនួន តែពុំធ្ងន់ធ្ងរដូចប្រទេសជិតខាង ក្នុងតំបន់ និងពិភពលោកនោះទេ។ ជាក់ស្តែងស្ថានភាពគ្រោះមហន្តរាយឆ្នាំ២០២៤ មានចំនួនតិចជាងបើធៀបនឹងឆ្នាំ២០២៣។ នេះតាមការប្រាប់ឱ្យដឹងពី លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។ ទោះជាយ៉ាងណាក៏លោក កត់សម្គាល់ថា ស្ថានភាពគ្រោះថ្នាក់មហន្តរាយនៅកម្ពុជា ក៏មិនថមថយឡើយ ថែមទាំងនឹងអាចគំរាមកំហែងដល់កំណើនសេដ្ឋកិច្ចសង្គម រារាំងដល់ការអភិវឌ្ឍ បង្កើតភាពក្រីក្រ ដែលចំាំបាច់ត្រូវអនុវត្តការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយជាចម្បង។ អ្នកស្រីវ៉ាយ វត្តី ជូនសេចក្តីរាយការណ៍


បើទោះបីជាស្ថានភាពគ្រោះមហន្តរាយនៅកម្ពុជាសម្រាប់ឆ្នាំ២០២៤កន្លងទៅនេះ មានចំនួនតិចជាងឆ្នាំ២០២៣ ហើយពុំមានអ្វីធ្ងន់ធ្ងរ ដូចនៅបណ្តាប្រទេសជិតខាង និងក្នុងតំបន់ ក៏ដូចជាពិភពលោក  តែទាមទារឱ្យមានការអនុវត្ត ការកាត់បន្ថយហានិភ័យ គ្រោះមហន្តរាយជាចម្បងក្នុងការគ្រប់គ្រងគ្រោះមហន្តរាយនេះ បើមិនដូច្នេះទេគ្រោះមហន្តរាយវានឹងគំរាមកំហែងដល់កំណើនសេដ្ឋកិច្ចសង្គម រារាំងដល់ការអភិវឌ្ឍ ព្រមទាំងបង្កើតភាពក្រីក្រ  ។ នេះតាមការឱ្យដឹងពី លោក សុទ្ធ គឹមកុលមុនី អគ្គលេខាធិការរង និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។

លោក សុទ្ធ គឹមកុលមុនី៖​ «តាមការសង្កេតរបស់យើងពេលខាងមុខ គ្រោះមហន្តរាយគ្មានការថមថយទេ មានតែកើនឡើង ភាពញឹកញាប់និងឥទ្ធិពលរបស់វាកាន់តែខ្លាំងឡើង ជាពិសេស ក្នុងពិភពលោក។ សម្រាប់ប្រទេសកម្ពុជាក៏នឹងជួបបញ្ហាដូចឆ្នាំមុនៗដែរសម្រាប់ស្ថានភាពគ្រោះមហន្តរាយ»

លោក សុទ្ធ គឹមកុលមុនី អគ្គលេខាធិការរង និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ

អគ្គលេខាធិការរងរូបនោះបានឱ្យដឹងទៀតថា ចំពោះការគ្រប់គ្រងគ្រោះមហន្តរាយនៅកម្ពុជា រាជរដ្ឋាភិបាលបានដាក់ចេញនូវចក្ខុវិស័យ គឺកសាងសហគមន៍ប្រកបដោយសុវត្ថិភាព និងភាពធន់ដើម្បីការអភិវឌ្ឍជាតិប្រកបដោយចិរភាព។​ ចក្ខុវិស័យនេះឆ្លុះបញ្ចាំងពីគោលដៅរួមនៃការពង្រឹងភាពធន់របស់ប្រជាជន គ្រួសារមូលដ្ឋាន សហគមន៍ ដែលក្រសួងស្ថាប័ន រាជរដ្ឋាភិបាល ផ្នែកសាធារណៈ វិស័យឯកជន សង្គមស៊ីវិល ក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវចូលរួម ទប់ស្កាត់ ការគំរាមកំហែងដែលបង្កឡើងដោយមុខសញ្ញា គ្រោះថ្នាក់ផ្សេងៗមកលើមូលដ្ឋានសហគមន៍ និងប្រជាជន។

លោក សុទ្ធ គឹមកុលមុនី​« ទាក់ទងនឹងការឆ្លើយតបគ្រោះមហន្តរាយ រាជរដ្ឋាភិបាលបានធានាថា មិនបានទុកចោលប្រជាជនណាម្នាក់ និងកន្លែងណាមួយ ឱ្យរងគ្រោះដោយមិនបានដោះស្រាយឡើយ»។

លោក សុទ្ធ គឹមកុលមុនី បានប្រាប់ថា ដើម្បីសម្រេចបាននូវចក្ខុវិស័យនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលដៅយុទ្ធសាស្រ្តចំនួន៤ដើម្បីគ្រប់គ្រង និងកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ៖« គោលដៅយុទ្ធសាស្រ្តទី១ ការយល់ដឹងអំពីការគ្រប់គ្រងគ្រោះមហន្តរាយ និងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ គោលដៅយុទ្ធសាស្រ្តទី២ ការពង្រឹងអភិបាលកិច្ចដើម្បីគ្រប់គ្រងហានិភ័យ គ្រោះមហន្តរាយ គោលដៅយុទ្ធសាស្រ្តទី៣ ការវិនិយោគក្នុងការកាត់បន្ថយ ហានិភ័យគ្រោះមហន្តរាយ សម្រាប់ភាពធន់ និងគោលដៅយុទ្ធសាស្រ្តទី៤ការបង្កើន ការត្រៀមរៀបចំទៅនឹងគ្រោះមហន្តរាយសម្រាប់ប្រសិទ្ធិភាពនៃការ ឆ្លើយតបនឹងការស្តារឡើងវិញនិងការកសាងឡើងវិញ»។

លោក សុទ្ធ គឹមកុលមុនី បញ្ជាក់ថា គ្រោះមហន្តរាយដែលបានកើតឡើងក្នុងឆ្នាំ២០២៤ មិនមានអ្វីខុសប្លែកពីឆ្នាំ២០២៣នោះឡើយ ជាក់ស្តែងស្ថានភាពអាកាសធាតុ នៅរដូវប្រាំងឡើងកម្តៅខ្ពស់ ក្តៅនិងស្ងួត ភ្លៀងកក់ខែតិចតួច។ នៅរដូវវស្សាបរិមាណទឹកភ្លៀង ទាបជាងមធ្យមភាគច្រើនឆ្នាំ  និងរាយបាយមិនបានល្អ ធ្វើឱ្យមានគ្រោះរាំងស្ងួត ជំនន់ទឹកភ្លៀង ខ្យល់កន្ទ្រាក់ រន្ទះបាញ់ បាក់ច្រាំងទន្លេ និងជំងឺរាតត្បាត។លោកថា បញ្ហាទាំងនេះគឺផ្តើមចេញពីសកម្មភាពរបស់មនុស្ស ដូចជា អគ្គីភ័យ គ្រោះថ្នាក់ចរាចរណ៍ជាដើម។

បន្ថែមពីលើនេះ  លោក សុទ្ធ គឹមកុលមុនី ថាដើម្បីធានានិន្តរភាព សមិទ្ធិផលនៃការអភិវឌ្ឍ និងការកាត់បន្ថយភាពក្រីក្រ ការកសាងភាពធន់ទៅនឹងគ្រោះមហន្តរាយ និងការឆ្លើយតបចំពោះហានិភ័យ គ្រោះមហន្តរាយគឺជាភាពចាំបាច់ ហើយដែលត្រូវមានផែនការសកម្មភាពជាតិ សម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ដែលដាក់ចេញនូវគោលនយោបាយ និងគោលដៅយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ដែលផ្សារភ្ជាប់ជាមួយនឹងការបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍប្រកបដោយចិរភាព៕

 ប្រភពរូប៖លោក សុទ្ធ គឹមកុលមុនី

 

 

 


Post Views: 1

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button