ព័ត៌មាន

សម័យកាលកាន់តែទំនើបជនជាតិដើមភាគតិចមួយចំនួនប្រឈមបាត់បង់ភាសាខ្លួនឯង

 

ភ្នំពេញ៖ ជនជាតិដើមភាគតិចមានវត្តមានរស់នៅក្នុងប្រទេសកម្ពុជាមានរហូតទៅដល់ជាង ២០ អម្បូរឯណ្ណោះ ហើយវប្បធម៌ក៏ខុសប្លែកពីជនជាតិដទៃ ទាំងការរស់នៅ ការគោរពប្រពៃណីជំនឿ ម្ហូបអាហារ សម្លៀកបំពាក់ ពិសេសគឺការប្រើប្រាស់ភាសាតែម្តង។ ស្របពេលសម័យបច្ចេកវិទ្យាកាន់តែទាន់សម័យ ជនជាតិដើមភាគតិចក៏កំពុងប្រឈមការបាត់បង់ភាសារបស់ខ្លួន ដ្បិតដើម្បីសម្របខ្លួនក្នុងបរិបទនៃការរស់នៅប្រចាំថ្ងៃ ដោយផ្តោតលើទំនាក់ទំនងផ្នែកសេដ្ឋកិច្ចជាចម្បង។ ដោយឡែកលទ្ធភាពនៃការប្រើភាសាជនជាតិដើមភាគតិចហាក់តូចចង្អៀតខ្លាំងណាស់នៅក្រៅតំបន់ ពោលពួកគេអាចនិយាយភាសាខ្លួនឯងតែក្នុងតំបន់តែប៉ុណ្ណោះ ដោយកត្តាទាំងនេះហើយធ្វើឱ្យមនុស្សជំនាន់ក្រោយកាន់តែប្រើប្រាស់ភាសាខ្លួនតិចទៅពីមួយជំនាន់ទៅមួយជំនាន់។ ​

រាយការណ៍ដោយ កញ្ញា ឃ្វិះ ផលឡា

 


 

ជនជាតិដើមភាគតិចមានលក្ខណៈរស់នៅដាច់ដោយឡែកពីជនជាតិដទៃ មានវប្បធម៌ប្រពៃណីខុសប្លែកពីអម្បូរមួយទៅអម្បូរមួយទៀត ពិសេសការប្រើប្រាស់ភាសាក៏ប្លែកទៅតាមជនជាតិរៀងៗខ្លួនផងដែរ។ បើនិយាយដល់ការប្រើប្រាស់ភាសាដើម្បីប្រាស្រ័យទាក់ទងគ្នាវិញ បច្ចុប្បន្នគេសង្កេតឃើញថា មានការវិវត្តន៍ច្រើនជាងមុន ដោយក្រុមជនជាតិដើមភាគតិចនីមួយៗហាក់សូវលែងប្រើប្រាស់ភាសាខ្លួនឯងច្រើនដូចមុនទាំងក្នុងសកម្មភាពសិក្សារៀនសូត្រ ការទំនាក់ទំនងលើការងារនិងការរកស៊ីទទួលទានប្រចាំថ្ងៃ។

​សម្រាប់អ្នកតាមដានបញ្ហានេះ មើលឃើញថា ការប្រើប្រាស់ភាសាដើមកាន់តែបាត់បង់គឺមានកត្តានៃការហូរចូលភាសាខ្មែរកណ្តាលតាមរយៈការមករស់នៅរបស់អ្នកចំណូលថ្មី បញ្ហាគ្មានសាលាបង្រៀនភាសាជនជាតិដើមភាគតិច គួបផ្សំនឹងជនជាតិដើមភាគតិចខ្លួនឯងគ្មានអក្សរប្រើប្រាស់ផង កត្តាទាំងនេះហើយនាំឱ្យការប្រើប្រាស់ភាសាកាន់តែបាត់បង់ទៅៗ។

ការឈានបន្តិចម្តងៗឆ្ពោះទៅរកការបាត់បង់នៃការប្រើប្រាស់ភាសាជនជាតិដើមភាគតិច សម្រាប់លោកស្រី យុន ម៉ាណេ ប្រធានអង្គការជនជាតិដើមភាគតិចកម្ពុជា (CIPO) ដែលជាជនជាតិដើមភាគតិចពូនង (ព្នង) យល់ថា មកពីកត្តាក្រៅខ្លួន និងកត្តាក្នុងខ្លួន។ កត្តាក្រៅខ្លួនចំពោះលោកស្រី ម៉ាណេ គឺមកពីប្រព័ន្ធអប់រំសព្វថ្ងៃតម្រូវឱ្យជនជាតិដើមភាគតិចត្រូវសិក្សាភាសាខ្មែរកណ្តាល និងភាសាបរទេសជាគោលស្របតាមកម្មវិធីរដ្ឋ។ មួយទៀត ដោយសារតែភាសាជនជាតិដើមភាគខ្លួនឯងគ្មានតួអក្សរពិតប្រាកដរួមផ្សំនឹងសមាជិកគ្រួសារពុំសូវយកចិត្តទុកដាក់ឱ្យកូនៗនិយាយផង ទើបធ្វើឱ្យការប្រើប្រាស់ភាសាបានថយចុះជាបន្តបន្ទាប់។

លោកស្រី យុន ម៉ាណេ ប្រធានអង្គការជនជាតិដើមភាគតិចកម្ពុជា (CIPO)។

ដោយឡែកកត្តាក្នុងខ្លួន សម្រាប់ប្រធានអង្គការជនជាតិដើមភាគតិចកម្ពុជារូបនេះ យល់ថាដោយសារតែបុគ្គលខ្លួនឯងខ្វះការឱ្យតម្លៃលើភាសាដើម ខ្លាចមិនហ៊ានសន្ទនាភាសាដើមនៅទីសាធារណៈ ហើយព្យាយាមលាក់អត្តសញ្ញាណដោយប្រើតែភាសាខ្មែរកណ្តាលដើម្បីគេចពីការរើសអើង។ តែយ៉ាងណា ដំណាល់គ្នានេះលោកស្រី យុន ម៉ាណេ ក៏សង្កេតឃើញមានចលនាយុវជនជនជាតិដើមភាគតិចមួយចំនួនហាក់មានចរន្តលើកស្ទួយភាសាដើមខ្លួនតាមរូបភាពផ្សេងៗផងដែរ។

លោកស្រី យុន ម៉ាណេ ៖«ហើយយុវជន ជំនាន់ក្រោយនេះ ខ្ញុំឃើញថាមួយ​ចំនួនគាត់អត់ចេះនិយាយភាសាខ្លួនមែន អ្នកខ្លះអត់ហាននិយាយ ប៉ុន្ដែនៅពេលតំណាលគ្នា យើងក៏ឃើញក្រុមយុវជនចាប់ផ្ដើម ជាចលករមួយកំពុងតែលើកកម្ពស់ភាសាអត្ដសញ្ញាណខ្លួនឯង ប្អូនដូចឃើញតាមចម្រៀងតាមរយៈការជួបប្រជុំ ការជជែកជាមួយនិងមិត្ដដែលជាជនជាតិដើមភាគតិចខ្លួនឯងនិងក៏គាត់ចាប់ផ្ដើម និយាយដែរ ហើយយុវជនជំនាន់នេះខ្ញុំឃើញ គាត់ក៏កំពុងតែភ្ញាក់រំលឹក ចាប់ផ្ដើមស្រឡាញ់ភាសាអត្ដសញ្ញាណប្រពៃណីខ្លួនឯងដែរ យើងមើលជារួមក្នុងប្រទេសកម្ពុជាយើង តាមរយៈប្រព័ន្ធសារព័ត៍មានមួយចំនួនអីៗអញ្ចឹងទៅ»។

ស្របពេលបច្ចុប្បន្នប្រព័ន្ធអប់រំចាប់ផ្ដើមយកចិត្ដទុកដាក់ រក្សានូវភាសាជនជាតិដើមភាគតិចក្នុងប្រព័ន្ធអប់រំជាតិផង អង្គការជនជាតិដើមភាគតិចកម្ពុជា (CIPO) បច្ចុប្បន្ននេះ ក៏កំពុងរៀបចំផែនការសម្រាប់ធ្វើមជ្ឈមណ្ឌលវប្បធម៌ ដូចជា សារមន្ទីជនជាតិដើមភាគតិចស្រុកខ្មែរ។នេះបើតាម លោកស្រី យុន ម៉ាណេ  បញ្ជាក់បន្ថែម។ អ្នកស្រីយល់ថា ភាសាគឺជាផ្នែកមួយដែលត្រូវមានការគិតគូរក្នុងការដំណើរនៃការសិក្សាស្រាវជ្រាវចងក្រងឡើងវិញ។ សម្រាប់អង្គការជនជាតិដើមភាគតិចកម្ពុជា (CIPO) បានធ្វើសកម្មភាព​ផ្ដោតទៅលើអត្ដសញ្ញាណជនជាតិដើមភាគតិច ដីធ្លីធនធានធម្មជាតិ ចំណេះដឹងទូទៅលើកកម្ពស់ភាសា បើកចំហឱ្យនិយាយភាសាដើមនៅពេលមានអង្គប្រជុំ ឬវគ្គបណ្ដុះបណ្ដាលផ្សេងៗ។ ក្នុងនោះបុគ្គលិក ជាជនជាតិដើមកួយមួយចំនួន បានលះបង់ពេលវេលាផ្ទាល់ខ្លួនចូលរួមក្នុងក្រុមការងារដើម្បីរៀបចំជាវចនានុក្រម។

លោកស្រី យុន ម៉ាណេ បន្ថែមទៀតថា ការថែរក្សាភាសាបានគង់វង្សគឺកើតចេញពីជនដើមភាគតិចខ្លួនឯង ពោលគឺត្រូវហ៊ាននិយាយកុំខ្មាសអៀន មិនត្រូវខ្លាចការរើសអើង លើកទឹកចិត្ដផ្សព្វផ្សាយឱ្យមានមោទនភាព​ក្នុងនាមជាជនជាតិដើមភាគតិចនីមួយៗ។ ជាងនេះ ត្រូវកំណត់ឱ្យមានភាសាវប្បធម៌ មានរបៀបរបបការរស់នៅដាច់ដោយឡែក ​ ព្រោះវាជាផ្នែកមួយសំខាន់នៃអត្ដសញ្ញាណជាតិខ្មែរដូចគ្នា។

«ភាសានិងគឺជាហៅថាជាចំណុចមួយសំខាន់សម្រាប់មនុស្សយើងក្នុងការទំនាក់ទំនង ក្នុងការជជែកក្នុងការពិភាគ្សា​ក្នុងការបង្ហាញអំពីអត្ដសញ្ញាណប្រពៃណីទំនៀមទម្លាប់ បង្ហាញជាពិន្ទុរបស់ខ្លួនឯងថាជានរណានិងសំខាន់។ ដើម្បីរក្សាបាននូវភាពខុសប្លែកឬក៏ដាច់ពីគេ ទៅលើភាសាមានតែយើងខ្លួនឯងត្រូវចាប់ផ្ដើមចេញពីខ្លួនយើង ហាននិយាយហានឱ្យតម្លៃ មានន័យថាអាចជឿជាក់ ផ្ដល់មោទនភាពក្នុងនាមយើងជាជនជាតិដើមភាគតិចដើម្បីនិយាយ ហើយក្រៅពីនិងយើងក៏ត្រូវការប្រព័ន្ធរដ្ធ ប្រព័ន្ធផ្លូវការជាតិ ដើម្បីជំរុញឱ្យមានប្រព័ន្ធរក្សាភាសានិងលើកកម្ពស់ការផ្សព្វផ្សាយឱ្យការប្រើប្រាស់ ឫការទទួលស្គាល់ឱ្យបានកាន់តែច្រើនទៀតជាផ្នែកមួយជាកត្ដាជំរុញបន្ថែម ដើម្បីឱ្យអត្ដសញ្ញាណតាមរយៈភាសាយើងនិង អាចនៅបានគង់វង្សបានផ្ទេរទៅដល់កូនចៅជំនាន់ក្រោយ កុំឱ្យបាត់បង់ច៎ាស»។

ទាក់ទិនក្នុងរឿងនេះលោក ឃួន ធឹម វ័យ៧៣ ដែលជាព្រឹទ្ធាចារ្យមួយរូបនិងជនជាតិដើមភាគតិចកួយ រស់នៅភូមិអណ្ដាស ឃុំសាលាវិស័យ ស្រុកប្រាសាទបាល័ង្គ​​ ខេត្ដកំពង់ធំនិយាយថា នៅក្នុងភូមិបច្ចុប្បន្នប្រើប្រាស់តែភាសាខ្មែរជាគោល ដោយសារតាំងសម័យដើម​មិនអនុញ្ញាតឱ្យនិយាយភាសាជនជាតិដើមភាគតិចនោះទេ ដែលជាហេតុនាំ លោក ឃួន ធឹម ខ្លួនឯងក៏មិនចេះនិយាយភាសាកួយ។លោកថា កាលពីឆ្នាំ ១៩៦០ដល់១៩៦៣ ឪពុកម្ដាយមិនបានបង្រៀនកូននិយាយភាសាដើមនោះទេ ពោលគឺបង្រៀនតែភាសាខ្មែរ និងមានការហាមឃាត់មិនឱ្យនិយាយថែមទៀតផង ជាដែលហេតុធ្វើឱ្យភ្លេចភាសាដើមកំណើតខ្លួនបន្ដិចម្ដងៗ។

លោក ឃួន ធឹម ជាព្រឹទ្ធាចារ្យមួយរូបនិងជនជាតិដើមភាគតិចកួយ នៅខេត្ដកំពង់ធំ។

តែលោកសង្កេតឃើញថា រដ្ឋាភិបាលបច្ចុប្បន្នបានលើកតម្កើងភាសាជនជាតិដើមភាគតិចប្រសើរជាងមុន ទើបលោកហ៊ាននិយាយភាសាដើមខ្លួនឯងឡើងវិញម្ដងទៀត។ ជាងនេះបច្ចុប្បន្នមានការចាប់ផ្ដើមអនុវត្ដថែរក្សាភាសាជនជាតិឡើងវិញ តាមរយៈការបង្កើតបទចម្រៀង សម្លៀកបំពាក់ ទំនៀមទម្លាប់ខ្លះៗដែរ។ ក៏ប៉ុន្ដែទោះជាភាសាត្រូវបានលើកតម្កើងឱ្យនិយាយឡើងវិញក៏ពិតមែន តែភាសាកួយត្រូវហាក់ត្រូវបាត់បង់ខ្លះៗទៅហើយ ព្រោះក្មេងជំនាន់ក្រោយលែងចេះនិយាយភាសាដើមខ្លួនឯង។

លោក ឃួន ធឹម បានសំណូមពរដល់អង្គការដៃគូរដែលពាក់ព័ន្ធ យុវជនជួយស្រាវជ្រាវឡើងវិញ ដើម្បីថែរក្សា កុំឱ្យបាត់បង់អត្ដសញ្ញាណរបស់ខ្លួន។

«ដល់ពេលចូលទៅនៅកំពង់ចាម កំពង់ធំ ទៅដល់ភ្នំពេញ ចោលខ្លួនឯងដល់ចុះមក ៧៩បែកបាក់គ្នា មកនៅស្រុកមកនៅភូមិខ្លួនឯងវិញ បាននិយាយជនជាតិ តាមគេតាមឯងទៅពិនឥឡូវនោះ ចាប់តាំងពី៩៤ ៩៥ ហើយគេលើកតម្កើងឱ្យរៀននិយាយទៅក៏និយាយខ្លួនឯងវិញហើយឡូវនិង អនុវត្ដនិយាយពេលប្រជុំ រៀនរកចម្រៀង តម្កើងខ្លួនឯងវិញ មិនសូវប្រសប់ដូចពីដើមដែរ។ ចេះចែករំលែកហើយឥឡូវនេះ ប្រាប់កូនចៅ ប្រាប់សិស្សសាលា ចេះតែបង្ហាត់ឱ្យគេនិយាយ និយាយ​​​​ឱ្យបានខ្មែរផងជនជាតិផង យើងមិនមែនចេះតែជនជាតិអត់ខ្មែរទេ ចង់ចេះ ចេះឱ្យគ្រប់សាស  អង់គ្លេសគ៏ចេះ បារាំងក៏ចេះ ចិនចេះក៏តឹតបានដែរកុំរើសអើង»។

សម្រាប់កញ្ញា គូ សម្ភស្ស តំណាងយុវជនជនជាតិដើមភាគតិចកួយ រស់នៅភូមិអណ្ដាស ខេត្ដកំពង់ធំ  លើកឡើងថា   ទំនៀមទម្លាប់ប្រពៃណី ភាសា សិល្បៈដែលជាអត្ដសញ្ញាណសម្គាល់របស់ជនជាតិដើមហាក់ខ្វះការយកចិត្តទុកដាក់ថែរក្សា ដោយសារតែមានលំហូរពីមជ្ឈដ្ឋានភាសាខាងក្រៅ នាំឱ្យភាសាតំបន់ងាយប្រឈមការបាត់បង់។ ក៏​ប៉ុន្ដែដើម្បីថែរក្សាបានគង់ តំណាងយុវជនជនជាតិភាគតិចកួយរូបនេះ ចង់ឱ្យមានការចូលរួមពីចាស់ទុំ យុវជន ត្រូវហ៊ានបង្ហាញ ចែករំលែកកែលម្អ បង្រៀនដល់ក្មេងៗ។បន្ថែមពីនេះ ត្រូវចងក្រងភាសាឡើងវិញ ពោលនៅពេលមានកិច្ចប្រជុំសហគមន៍ ត្រូវព្យាយមនិយាយជាភាសារបស់ខ្លួន ហើយការប្រាស្រ័យទាក់ទងប្រចាំថ្ងៃក្នុងការរស់នៅក៏ត្រូវប្រើប្រាស់ភាសាដើមផងដែរ។

ចំពោះមុខបញ្ហានេះ កញ្ញាសំណូមពរដល់អង្គការ​ ឱ្យផ្ដល់អាហាររូបករណ៍សម្រាប់ជនជាតិដើមភាគតិចបានសិក្សារៀនសូត្រ និងស្នើឱ្យមានការចងក្រងភាសាជនជាតិដើមភាគតិច​នៅក្នុងកម្រិតថ្នាក់បឋមសិក្សា និងគ្រប់កម្រិតថ្នាក់ទាំងអស់នៅក្នុងការសិក្សាអប់រំ​ដើម្បីកុំឱ្យភាសាជនជាតិដើ​មភាគតិចបាត់បង់ផងដែរ ។

«យើងព្យាយាមប្រើប្រាស់ភាសាជនជាតិដើមត្របែកថាមានខុសខ្លះត្រូវខ្លាចតែយើងព្យាយាមនិយាយពួកយើងគិតថាភាសាគឺសំខាន់ណាស់ដើម្បីបង្ហាញពីអត្តសញ្ញាណ មានភាសាគឺបង្ហាញពីដួងព្រលឹងរបស់ជនជាតិដើមភាគតិចរបស់យើង ។ ក្នុងនាមជាយុវជនជនជាតិដើមមួយរូបដើម្បីថែរក្សាភាសារបស់ខ្លួនឲ្យបានល្អ គឺនាងខ្ញុំត្រូវតែនិយាយភាសាជនជាតិដើមរបស់ខ្លួនក្នុងការរស់នៅប្រចាំថ្ងៃក៏ដូចជាប្រាស្រ័យទាក់ទងជាមួយចាស់ទុំ ក៏ដូចជាយុវជនក្មេងៗដទៃទៀត យើងដឹងហើយថាភាសាបើសិនជាយើងមិននិយាយគឺមិនអាចថែរក្សាបានទេ ដូច្នេះហើយយើងទាំងអស់គ្នាមិនថាជាខ្ញុំឬក៏យកជនជាតិដើមភាគតិចផ្សេងៗទេគឺយើងប្រឹងប្រែងឬក៏ដូចជាព្យាយាមនិយាយភាសាជនជាតិដើមរបស់ខ្លួនឲ្យបានជាប្រចាំរៀងរាល់ថ្ងៃនោះ ភាសាយើងមិនបាត់បង់ទៅណាទេ»។

តាមរបាយការណ៍អង្គការជនជាតិដើមភាគតិចកម្ពុជា ប្រទេសកម្ពុជាមានជនជាតិដើមភាគតិច ២២ក្រុម ក្នុងនោះមាន ព្នង(ពូនង) កួយ ទំពួន ចារាយ គ្រឹង ព្រៅ កាវ៉ែត ស្ទៀង  ក្រោល មិល កាចក់ ព័រ ខោញ ជង សួយ ថ្មូន លុន ស្អូច រដែ ខិ រអង  ស្ពុង  ល្អឺន សំរែ។ ក្រុមជនជាតិដើមភាគតិចខាងលើសម្បូររស់នៅក្នុងខេត្ដចំនួន ១៥ ដូចជាខេត្ដ រតនគិរី មណ្ឌលគិរី ក្រចេះ  ព្រះវិហារ កំពង់ធំ  ស្ទឹងត្រែង ឧត្ដមានជ័យ ត្បូងឃ្មុំ ពោធិ៍សាត់ កំពង់ស្ពឺ កោះកុង បាត់ដំបង ព្រះសីហនុ បន្ទាយមានជ័យ និងសៀមរាប៕

អត្ថបទដោយ៖​ កញ្ញា ឃ្វិះ ផលឡា

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button