Jannah Theme License is not validated, Go to the theme options page to validate the license, You need a single license for each domain name.
ព័ត៌មាន

បទដ្ឋាន​វប្បធម៌​ក្នុង​សង្គម​ផ្ដល់​ផល​ប៉ះពាល់​ដល់​ការ​​បញ្ជ្រាប​សិទ្ធិ​សុខភាព​​បន្ត​ពូជ និង​សុខភាព​ផ្លូវ​ភេទ – WMC

 

 

March 11, 2024 – Sasarsdam Health Center, Siem Reap, Cambodia. Ms. Py Hoy (36 years old) is receiving breastfeeding and nutrition counseling service during an anternatal care check up with Ms. Chev Hany (21 Nov 1989), a midwife at Sasarsdam Health Center, Siem Reap, Cambodia

 

យុវជន​ និង​អ្នក​ជំនាញ​​ផ្នែក​សុខភាព មួយ​ចំនួន​យល់​ឃើញ​ថា​កត្តា​បទដ្ឋាន​សង្គម វប្បធម៌​ ប្រពៃណី​ដែល​បាន​ចាក់ឫស​យ៉ាង​ជ្រៅ​នៅ​ក្នុង​សង្គម​ខ្មែរ​បាន​រាំងស្ទះ​ ការ​បញ្ជ្រាប ​ការ​ជជែក​​ដេញដោល ​ការសិក្សា​ឱ្យ​បាន​ទូលំទូលាយ និង​ស៊ីជម្រៅ ​ទាក់ទង​ពី​ប្រធាន​បទ ​ផ្លូវ​ភេទ​ និង​សិទ្ធិ​សុខភាព​បន្ត​ពូជ​ជា​សាធារណៈ។ ​ពួកគេ​យល់​ថា​កត្តា​ទាំង​នេះ​​បាន​ផ្ដល់​ផល​អាក្រក់​ដល់​សង្គម​ជាតិ ជា​ពិសេស ស្ត្រី ក្មេង​ស្រី និង​ក្រុម​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា។

និស្សិត​​ផ្នែក​គណនេយ្យ​នៅ​សកលវិទ្យាល័យ​​មួយ​ក្នុង​រាជធានី​ភ្នំពេញ​​ កញ្ញា​​ ទឹម សាវន អាយុ២៣ឆ្នាំ​ ​យល់​ឃើញ​ថា ​សិទ្ធិ​សុខភាព​បន្ត​ពូជ ​បញ្ហា​សុខភាព​ផ្លូវ​ភេទ​​ ការ​រួមភេទ​ដោយ​សុវត្ថិភាព ជម្រើស​នៃ​ការ​បន្ត​ពូជ ការ​ជ្រើសរើស​ដៃគូ នៅ​មិន​ទាន់​បាន​ផ្សព្វផ្សាយ​ដល់​​សាធារណជន​​​លក្ខណៈ​​បើកចំហ​​តាម​រយៈ​ការ​សិក្សា​រៀន​សូត្រ​នោះ​ទេ។ យុវតី​ សាវន យល់​ថា​ការ​មិន​បាន​​ពន្យល់​ និង​ផ្សព្វផ្សាយ​ទាំង​នេះ​ហើយ​​​ទើប​​ធ្វើ​ឱ្យ​​យុវជន​ និង​ពលរដ្ឋ​មួយ​ក្រុម​ទទួល​បាន​ការ​វាយ​តម្លៃ​មិន​ល្អ​ពី​ពី​​មជ្ឈដ្ឋាន​ជុំវិញ​ខ្លួន​ និង​មាន​ភាព​ខ្មាស​អៀន​ ដោយសារ​តែ​ផ្នត់​គំនិត​សង្គម​​ គិត​ថា​ស្ត្រី​​​ ឬ​ក្មេង​ស្រី​ មិន​គួរ​​លើក​យក​ប្រធាន​បទ​ទាក់​ទង​ផ្លូវ​ភេទ ឬ​ការ​បន្ត​ពូជ​មក​ជជែក​ពិភាក្សា​ជា​សាធារណៈ​​នោះ​ទេ​។​

កញ្ញា​ លើក​ឡើង​ថា៖ «ខ្ញុំ​គិត​ថា​វា​ជះឥទ្ធិពល​ខ្លាំង​ ដោយសារ​តែ​ពួក​គាត់​ជា​អ្នក​ទទួលរង​ផ្នត់គំនិត​អស់​ហ្នឹងអ៊‌ីចឹង​គាត់​អត់​ហ៊ាន​ ទៅ​ស្រាវជ្រាវ​ ឬក៏​ទៅ​រក​ព័ត៌មាន​អស់​នឹង​មក​ទេ​ ដោយ​សារ​តែ​គាត់​មានការ​អៀនខ្មាស​ និង​ខ្លាច​សង្គម​នឹង​រើសអើង ឬ​មួយ​ក៏​មាន​អា​ផ្នត់គំនិតហ្នឹង»។

បន្ថែម​ពី​នេះ កញ្ញា​​ ឱ្យ​ដឹង​ទៀត​ថា​​ផល​ប៉ះពាល់​ដោយ​សារ​កត្តា​កង្វះ​ចំណេះ​ដឹង​ទាក់​ទង​សិទ្ធិ​សុខភាព​បន្ត​ពូជ​ និង​សុខភាព​ផ្លូវ​ភេទ​បាន​នាំ​ឱ្យ​យុវជន​ និង​ពលរដ្ឋ​មួយ​ចំនួន​​​ប្រឈម​នូវ​ជំងឺ​ជាច្រើន​ជាពិសេស​នៅ​ពេល​អនាគត​អាច​ឆ្លង​ជំងឺ​ដែល​ពិបាក​ព្យាបាល ឬ​មិន​អាច​ព្យាបាល​តែ​ម្ដង ហើយ​អាច​ឈាន​ដល់​ការ​បាត់បង់​អាយុជីវិត​ផង​ដែរ។ ក្រៅ​ពី​នេះ​ កញ្ញា​ថា​​​នៅ​ពេល​ដែល​យុវជន​ និង​ពលរដ្ឋ​មួយ​ចំនួន​មិន​បាន​យល់​ដឹង​ទាក់​ទង​ពី​សិទ្ធិ​សុខភាព​បន្ត​ពូជ​ អាច​បង្ក​ឱ្យ​ ស្ត្រី ជាពិសេស​ក្មេង​ស្រី រៀប​ការ​ទាំង​នៅ​វ័យ​ក្មេង និង​មាន​កូន​ទាំង​វ័យក្មេង ហើយ​មាន​កូន​​ដោយ​មិន​បាន​ត្រៀម​ទុកជា​មុន​​ដែល​បណ្ដាល​​ឱ្យ​ប៉ះពាល់​ដល់​អនាគត​របស់​ពួក​គេ។​​​​​​​​

កញ្ញា ទឹម សាវន បន្ថែម​ថា៖ «យើង​មើល​ឃើញ​ក្នុង​សង្គម​ជាក់ស្ដែង​ ​សព្វថ្ងៃ​ហ្នឹងវា​សម្បូរ​មែនទែន​ ពាក់ព័ន្ធ​ជា​មួយ​នឹង​ការ​មាន​កូន​ដោយ​អត់​បាន​ត្រៀម​ទុក ទាំង​អាយុ​គាត់​នៅ​ក្មេង​ ជួន​កាល​មាន១៣ឆ្នាំ​មាន​​គភ៌​​ក៏​មាន​ដែរ អញ្ចឹង​នៅ​ពេល​គាត់​មាន​បញ្ហា​អស់​នឹង​វា​ធ្វើ​ឱ្យ​គាត់​ខូច​អនាគត​។​»

មិន​សូវ​ខុស​គ្នា​នោះ​ទេ យុវជន​ អ៊ីត សុខា ​បច្ចុប្បន្ន​ន​ធ្វើការ​នៅ​ក្រុម​ហ៊ុន​ឯកជន​មួយ​កន្លែង​នៅ​ក្រុង​ភ្នំពេញ បាន​លើក​ឡើង​ថា ការ​ណ៍ដែល​មិន​មាន​ចំណេះ​ដឹង​ទាក់​ទង​នឹង​សុខភាព​ផ្លូវ​ភេទ​​​បាន​ផ្ដល់​ផល​អាក្រក់​​ដល់​មនុស្ស​រស់​នៅ​ក្នុង​សង្គម​ទាំង​មូល​​ជា​ពិសេស​​ស្ត្រី​ ​ព្រោះ​ពួកគេ​ជា​អ្នក​ពរ​ពោះ​ ​​ផ្ដល់​​កំណើត ​និង​ត្រូវ​​ប្រឈម​មុខ​ខ្ពស់​នឹង​បញ្ហា​នានា។​

កញ្ញា អ៊ីត សុខា ថា៖«បើ​និយាយ​ពី​អ្នក​ដែល​រង​ផល​ប៉ះពាល់​គឺ​មនុស្ស​គ្រប់​គ្នា​សុទ្ធ​តែ​រង​ផល​ប៉ះពាល់ ប៉ុន្តែ​សួរ​ថា អ្នក​ដែល​រង​ប៉ះពាល់​ខ្លាំង​ជាង​គេ​គឺ​ស្ត្រី​ និង​ក្មេង​ស្រី។»

គេហទំព័រ អង្គការសហប្រជាជាតិ ប្រចាំកម្ពុជា បាន​ចុះផ្សាយ​អត្ថបទ​អំពី ជើង​ឯក​សម្រាប់​ការ​ផ្លាស់​ប្តូរ​ផ្នែក​សុខភាព​ផ្លូវ​ភេទ និង​ផ្លូវភេទ កាលពី​ខែឧសភា កន្លង​ទៅ​បាន​បង្ហាញ​​ថា​​ប្រទេស​កម្ពុជា​មាន​​​ក្មេង​ជំទង់​ និង​យុវជន​ប្រថុយ​នឹង​លទ្ធផល​សុខភាព​មិនល្អ តាម​រយៈ​កង្វះ​លទ្ធភាព​ទទួល​បាន​ព័ត៌មាន​សំខាន់ៗ​អំពី​សុខភាព​បន្ត​ពូជ និង​សិទ្ធិ​របស់​ពួកគេ ព្រម​ទាំង​សមភាព​យេនឌ័រ និង​អំពើ​ហិង្សា​ផ្អែក​លើ​យេនឌ័រ។ របាយការណ៍​នេះ​រក​ឃើញ​ថា​មាន​បុរស​វ័យ​ក្មេង​​ចំនួន​ ៤.៨ភាគរយ​ និង ស្ត្រី​វ័យ​ក្មេង​ចំនួន​ ១៦.៥ភាគរយ​​បាន​​​រួមភេទ​ដំបូង ក្នុង​នោះ​ក្មេង​ស្រី​​ជំទង់​​មាន​ ៩ភាគរយ​ ​មានផ្ទៃពោះ​​ដែល​ភាគ​ច្រើន​រស់​នៅ​តំបន់​ជនបទ ខណៈ​ដែល​ការ​​រៀបការ​នៅ​វ័យ​ក្មេង​​​នៅ​មាន​​ ១៧,៩​ ភាគរយ​។

ស្រដៀង​គ្នា​នេះ​ដែរ និស្សិត​វិទ្យាស្ថាន​ជាតិ​អប់រំ (NIE) លោក ឃន វុទ្ធី អាយុ២៤ឆ្នាំ ​​​ យល់​ឃើញ​ថា​ សង្គម​បច្ចុប្បន្ន​មិនសូវ​ជា​ឱ្យ​តម្លៃ​ចំពោះ​ចំណេះដឹង​ទាក់ទង​ពី​បញ្ហា​ផ្លូវ​ភេទ​ និង​សិទ្ធិ​សុខភាព​បន្ត​ពូជ​នោះ​ទេ​ ព្រោះ​លោក​ឃើញ​ថា​នៅ​មាន​សាធារណជន​មួយ​ចំនួន​នៅ​ខ្វះ​​ការ​យល់​ដឹង​លើ​ផ្នែក​នេះ​ ហើយ​មនុស្ស​មួយ​ចំនួន​​​​​គិត​ថាជា​រឿង​មិន​ល្អ មិន​សមរម្យ និង​ចាត់​ទុក​ជា​រឿង​កំប្លែង សើច​សប្បាយ​ទៅវិញ​នៅ​ពេល​មាន​ការ​ជជែក​​ពាក់ព័ន្ធ​នឹង​​បញ្ហា​ផ្លូវ​ភេទ​ និង​សិទ្ធិ​សុខភាព​បន្ត​ពូជ​។​​

លោក ឃន វុទ្ធី ​ថា៖ «ឱ្យ​តែ​និយាយ​ទាក់​ទង​ទៅ​នឹង​ផ្លូវ​ភេទ អ្នក​ខ្លះ​និយាយ​ចំ​ផ្នែក​ណា​មួយ​ទៅ​វា​សើច […] ធ្វើ​ជា​រឿង​កំប្លែង ធ្វើ​ជា​អី អញ្ចឹង​ទៅ»។

បន្ថែម​ពី​នេះ​ លោក​បាន​បន្ថែម​ថា ដោយ​សារ​តែ​បញ្ហា​បទដ្ឋាន​សង្គម​ ផ្នត់គំនិត​ដែល​មាន​ការ​​រើស​អើង​រវាង​បុរស​ និង​ស្ត្រី​ ដែល​បាន​​លើក​តម្កើង​​​បុរស​​​ដោយ​ប្រៀប​ធៀប​ទៅ​នឹង​​​មាស​ទឹក​១០​​​ដែល​​មាន​ន័យ​ថា​​​តម្លៃ​បុរស​​​មិន​ងាយ​បាត់​បង់​បើ​ទោះ​ជា​មាន​ដៃ​គូ​រួម​ភេទ​ច្រើនដង​ ដែល​ផ្ទុយ​ពី​មនុស្ស​ស្ត្រី​ត្រូវ​បាន​​​រង​​​សម្ពាធ​ និង​មាក់ងាយ​​​នៅ​ពេល​មនុស្ស​ស្រី មាន​ដៃ​គូរ​ច្រើន។ ​

ដោយ​ឡែក បុគ្គលិក​នៅ​សាលា​អន្តរជាតិ​មួយ​នៅ​ក្នុង​​រាជធានី​ភ្នំពេញ​ កញ្ញា ប៉ែន ស្រីប៉ុច យល់​ថា​​ផ្នត់គំនិត​សង្គម​ជា​កត្តា​មួយ​​ដែល​ពិបាក​ឱ្យ​សាធារណជន​ជជែក​ដេញដោល​គ្នា​ឬ​សិក្សា​ពី​ចំណេះ​​ដឹង​ទាំង​អស់​នោះ​ ហើយ​សង្គម​នៅតែ​ហាមប្រាម​មិន​ឱ្យ​ក្មេង​ជំនាន់​ក្រោយ​យល់ដឹង​ព្រោះ​គិត​​ថា​ជា​រឿង​អសីលធម៌ ​មិន​គួរ​លើក​យក​មក​​និយាយ​នោះ​ទេ។​​​​

កញ្ញា ស្រី ប៉ុច ថា៖ «នៅ​ក្នុង​សង្គម​ឱ្យ​តែ​និយាយ​ពីការ រួម​ភេទ ឬ​ក៏​បញ្ហា​ផ្លូវ​ភេទ​​ គឺ​អាច​និយាយ​បាន​ថា​ពួកគាត់ អត់​ឱ្យ​យល់​ដឹង​ស៊ី​ជម្រៅ​ទេ អាច​ថា​គាត់​ជា​ក្មេង​ស្រី អ៊‌ីចឹងទៅ​ភាគ​ច្រើន គាត់​អត់​សូវ​ឱ្យ​យល់​ដឹង​ជ្រៅ​មែនទែន​ទេ។»

យុវជន ប៉ុន វាស្នា ជា​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា បាន​ចែក​រំលែក​ទាក់​ទង​ពី​បទ​ពិសោធ​ថា​លោក​​នៅ​មាន​ភាពខ្មាស់អៀន​ក្នុង​ការ​ជជែក​ដេញដោល​ទាក់ទង​ពី​ប្រធាន​បទ​នេះ​ព្រោះ​ថា​​សង្គម​នៅ​មិនទាន់​បើក​ចិត្ត​សម្រាប់​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា ផ្ដល់​ភាព​កក់ក្ដៅ និង បើក​ទូលលាយ​ក្នុង​ការ​ជជែក​ និង​សិក្សា​អំពី​បញ្ហា​សុខភាព​ផ្លូវ​ភេទ​ និង​ការ​បន្ត​ពូជ​នេះ​បាន​ស៊ី​ជម្រៅ​នោះ​ទេ។

លោក​ ប៉ុន វាស្នា ថា៖ «ទាក់ទងជាមួយនឹងសង្គមមិនទាន់​មានសិទ្ធិ ទូលំទូលាយ​ក្នុងការ​វែកញែក​ពិភាក្សាទៅ​លើរឿង​នឹងដែលធ្វើឱ្យក្រុមមនុស្សដែលស្រលាញ់ភេទដូចគ្នាហ្នឹង មាន​អារម្មណ៍​ទទួលបានភាពកក់ក្ដៅ​ក្នុងការ​ចែករំលែកនូវការសិក្សាអំពីបញ្ញាសុខភាពផ្លូវភេទ និងការបន្តពូជហ្នឹង។»

យុវជនរូបនេះបន្ថែមទៀតថា កត្តាកង្វះចំណេះដឹងទាក់ទងសិទ្ធិសុខភាពបន្តពូជ និងបញ្ហាសុខភាពផ្លូវភេទ អាច​ប៉ះពាល់ដល់ ស្ត្រី និងក្មេងស្រី ធ្វើ​ឱ្យស្ត្រី និងក្មេងស្រីប្រឈមនឹងទទួលរងការបៀតបៀន ទាំងផ្លូវកាយ និងសុខភាពផ្លូវចិត្ត ប្រឈមនឹងការឆ្លង និងចម្លង​មេរោគផ្សេងៗ ប៉ះពាក់ដល់​សង្គមជាតិ  វិបត្តិសង្គម​កើន​ឡើង​នៅជំងឺកាមរោគ​​ និង​ជំងឺ​ឆ្លងផ្សេងៗ បាត់បង់ធនធានមនុស្ស ព្រោះថា​ដើម្បី​សង្គម​អាច​អភិវឌ្ឍ​ទៅបានគឺ​ចាំបាច់បំផុតត្រូវមានធនធានមនុស្ស​ដែលមានចំណេះដឹង មាន​ទេពកោសល្យ​ មានសុខភាពល្អ​ទាំង​ផ្លូវកាយ និងផ្លូវចិត្តផងដែរ។

ងាក​មក ​និស្សិតកំពុងបន្តការសិក្សា​ផ្នែក​វេជ្ជសាស្ត្រ​​ក្នុង​ទី​ក្រុង​ភ្នំពេញ​ កញ្ញា រាជ្យ  សុខជា លើក​ឡើង​ថា​​ ស្រ្តី និង​ក្មេងស្រី ​មាន​​ជំងឺ ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត ដោយ​សារ​ដៃ​គូរ​របស់​ពួកគេ​មិន​មាន​ទំនួល​ខុស​ត្រូវ និង​ត្រៀម​រួច​រាល់​ក្នុង​ការ​មាន​ផែនការ​គ្រួសារ​ជា​មួយ​គ្នា​ទេ​នោះ​វា​បង្ក​ឱ្យ​មាន​ហានិភ័យ​ចំពោះ​ស្ត្រី  មាន​កូន​ច្រើន​លើស​ពី​ផែន​ការ​កំណត់ ឬ​អាច​បណ្ដាល​ឱ្យ​មាន​ក្មេង​កំព្រា​ ប៉ះពាល់​ជីវភាពរស់នៅ ធ្វើ​ឱ្យ​បាត់បង់​ចំណូល និង ប៉ះពាល់​ដល់​សេដ្ឋកិច្ច​គ្រួសារ​ផង​ដែរ។

កញ្ញា រាជ្យ  សុខជា ​ថា៖ «មាន​បញ្ហា​គឺ​ដូចថា​គាត់មាន​កូនតែខ្វះឪពុកអញ្ចឹង កូនញឹក ជួបជំងឺបាក់​ទឹកចិត្ត​ សុខភាពចុះខ្សោយ​ និងមានជីវភាពក្រីក្រ និយាយថាជីវភាពគាត់កាន់តែដាបជាងមុនអញ្ចឹងទៅណា ហើយទាក់ទងចំពោះសុខភាពផ្លូវភេទ មានការចម្លងរោគ​ មានជំងឺបាក់ទឹកចិត្ត រងការមើលងាយពី​ដៃគូ និង​មនុស្សជុំវិញខ្លួន។​»

យោងតាមអត្ថបទព័ត៌មានរបស់ មូល​និធិ​អង្គការ​សហ​ប្រជាជាតិ​សម្រាប់​ប្រជាជន (UNFPA Cambodia)  ចុះផ្សាយកាលពី​ ខែ​វិច្ឆិកា ការ​បង្កើត​ផ្លូវ​ដើម្បី​បញ្ចប់​ជំងឺអេដស៍​នៅកម្ពុជា និងឡាវ​បាន​បង្ហាញថា យុវជននៅតែមាន​ហានិភ័យ ព្រោះ ៤៣ ភាគរយនៃការ​ឆ្លងថ្មីកើតឡើង​ក្នុងចំណោម​យុវជនដែលមានអាយុពី​ ១៥-២៤ ឆ្នាំនៅក្នុងប្រទេសកម្ពុជា ហើយយុវជនត្រឹមតែ ២៣ ភាគរយដែលមានអាយុពី ១៥ ទៅ ២៤ ឆ្នាំ​ប៉ុណ្ណោះដែលមានចំណេះដឹងទូលំទូលាយអំពីមេរោគអេដស៍។ កត្តាប្រឈម​ដែលសំខាន់ គឺដោយសារ​ប្រទេសនៅតែប្រឈមមុខបញ្ហមួយចំនួន រួមមាន បទដ្ឋានសង្គម ការមាក់ងាយ ការរើសអើង និង ឧបសគ្គផ្នែកច្បាប់ សិទ្ធិមនុស្ស សង្គម និងយេនឌ័រ ដែលធ្វើឱ្យប្រជាជន​ងាយរងគ្រោះ​នឹងការ​ចម្លង​មេរោគអេដស៍​ និងរារាំងដល់លទ្ធភាពទទួលបានសេវាការពារ ការព្យាបាល ការថែទាំ និង ​គាំទ្រ​មេរោគអេដស៍​។

គូបញ្ជាក់ផងដែរថា ក្រសួង​អប់រំ យុវជន​ និងកីឡា បាន​​ដាក់​​ឱ្យ​ប្រើ​ប្រាស់​ជាផ្លូវ​ការ​​នូវ​សៀវភៅ​​​ «ការអប់រំ​បំណិន​ជីវិត» ស្តីពី​​សុខ​​ភាពបន្ត​ពូជ និង​សុខ​ភាព​ផ្លូវ​​ភេទ​​​សម្រាប់​យុវជនតាមសាលា ដោយការ​ដាក់បញ្ចូល​មេរៀនទៅក្នុង​កម្មវិធីសិក្សា​​និង ការ​ផ្សព្វផ្សាយនានា។ ហើយថ្មីៗនេះ តាម មជ្ឈបណ្ឌលជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍​ សើស្បែក ​និងកាមរោគ​ បានធ្វើ​បច្ចុប្បន្នភាព​គោលការណែនាំជាតិរួមបញ្ចូលគ្នា ​ស្តីពីការ​ធ្វើតេស្ត​រក​មេរោគអេដស៍នៅ ប្រទេសកម្ពុជា​សម្រាប់ឆ្នាំ២០២៤​ ដែល​ត្រូវអនុវត្តន៍​នៅក្នុងមូលដ្ឋាន សុខាភិបាល ទាំង​សាធារណៈ ឯកជន និង​អង្គការ​មិនមែនរដ្ឋាភិបាល​ផងដែរ។

ជា​គិលានុបដ្ឋាយិកា​ផ្នែក​រោគ​ស្ត្រី នៅ​មន្ទីរពេទ្យ​រដ្ឋ​មួយកន្លែងក្នុងក្រុងភ្នំពេញ និងបាន​បញ្ចប់​ការ​សិក្សា​ជំនាញ​ផ្នែក​ឆ្មបផងដែរ លោកស្រី លន់ សុបញ្ញា យល់​ឃើញថា​ បើសិនជាមិនបានយល់ច្បាស់​ទាក់ទងខុសភាពបន្តពូជ​ និងសុខភាពផ្លូវភេទ​ទេ ក្មេងស្រី និងស្ត្រី អាច​ប៉ះពាល់ដល់អនាគត ទាក់ទងនឹង​ការ​រៀប​ចំ​គម្រោង​ត្រឹមត្រូវ​ក្នុង​ការ​មានគ្រួសារ មានកូនទាំងនៅក្មេង បង្ខំចិត្តផ្លាស់ប្ដូរទីលំនៅដោយកត្តាសង្គមរើសអើង ប៉ះពាល់ដល់ការសិក្សា និង​ ​សេដ្ឋកិច្ច​ជាតិទាំងមូលផងដែរ។

លោកស្រី លន់ សុបញ្ញា ថា ៖«អ្នកខ្លះអាចឈានដល់ការមានកូនមានអីទៅទៀតដោយការភ្លើតភ្លើនមួយរយះពេលរបស់គាត់ហា៎។»

លោកស្រី បន្ថែម​ថា ដើម្បី​ផ្សព្វផ្សាយ​ចំណេះដឹង​ទាក់​ទងសិទ្ធិសុខភាពបន្តពូជ និង​បញ្ហា​សុខភាព​ផ្លូវភេទ​ តម្រូវ​ឱ្យ​មនុស្ស​គ្រប់​​រូប​បើក​ចិត្តទូលាយ​ក្នុង​ការ​សិក្សា​ ក្រសួង​ពាក់ព័ន្ធ ជា​ពិសេស​ក្រសួង​អប់រំ យុវជន និង​កីឡា ត្រូវ​ធ្វើ​យ៉ាង​ណា​ផ្សព្វផ្សាយ​ឱ្យ​បាន​ស៊ីជម្រៅ​បន្ថែម​ទៀត​​ទៅតាម​សាលារៀន​គ្រប់​កម្រិត ​តាំង​ពី​កម្រិត​តូច រហូតដល់​កម្រិត​វិទ្យាល័យ។

លោកស្រី លន់ សុបញ្ញា ថា ៖ «ខាង​សាលារៀនគឺ​ជាសាលាដែលបណ្ដុះបណ្ដាល គួរ​ឱ្យ​ក្មេងៗ​ដែល​​គាត់​កំពុងតែ​នៅ​វ័យ​សិក្សា​ ឱ្យ​គាត់​បានយល់ច្បាស់​ថាតើអ្វីទៅជាសុខភាពបន្តពូជ។»

អ្នកជំនាញ​ពិគ្រោះយោបល់ ប្រចាំនៅ​សមាគម​ គ្លីនិកឈូកស លោក ឈុន លាង ​បានលើក​ឡើងថា តាមការ​សង្កេតកន្លងមក​ មេរោគអេដស៍ និងជំងឺកាមរោគ ដែលឆ្លងតាមការ​រួមភេទ​នោះ មានដូចជា ជំងឺស្វាយ ប្រមេះទឹកបាយ ប្រមេះទឹកថ្លា សេមាន់ ផ្សិត មានការកើនឡើងជាងមុន ក្នុង​ស្រទាប់យុវជន​នាពេលបច្ចុប្បន្ននេះ។

លោក ឈុន លាង បន្តទៀតថា កត្តាផ្នត់គំនិតសង្គមបានធ្វើឱ្យ យុវជនមានភាព​ខ្មាសអៀន​ ​ភ័យខ្លាច មិនមាន​​ភាពក្លាហាននោះទេ​ ក្នុងការស្វែងរកជំនួយ ទិញសម្ភារៈប្រើប្រាស់មាន​ស្រោមអនាម័យ ឬ​សេវាកម្មផ្សេងៗ​នោះទេ​ ដែលជាមូលហេតុ​កើតមានជាបញ្ហាទៅលើសុខភាពផ្លូវភេទ​ សុខភាពបន្តពូជ។

លោក ឈុន លាង ថា៖ «ខ្ញុំជួបអតិថិជនច្រើនគាត់ថាគាត់អត់​ហ៊ាន​ទៅទិញទេ រឿង​​ស្រោមអនាម័យការពារ​ឬក៏អីផ្សេង គាត់ខ្មាស់អ្នកលក់ ​បើអ្នកលក់ស្រីផងអីទៀត គឺគាត់រិតតែអត់ហ៊ានអញ្ចឹងណា។»

ជាមួយគ្នានេះដែរ លោក ឈុន លាង ចង់ឱ្យយុវជន មានភាព​ក្លាហាន​ក្នុងការចែករំលែក ​សិក្សាស្វែង​យល់បន្ថែម និងចេះថែរក្សាសុខភាព​ផ្លូវភេទ និងយល់ដឹងពីសិទ្ធិបន្តពូជ ដើម្បីការពារខ្លួនពីជំងឺឆ្លង ជំងឺ​កាមរោគ​ទាំងឡាយ​ ជាពិសេសជំងឺអេដស៍។

លោក ឈុន លាង បន្ថែមថា៖«ខ្ញុំចង់ឱ្យគាត់​ក្លាហាន​ហ៊ាន​ក្នុងការសួរមតិយោបល់ពីអ្នកដែលគាត់មានជំនាញ ឬក៏មាន​វិជ្ជាជីវៈ​រឿងការបន្តពូជ​ សុខភាពបន្តពូជហ្នឹងណា។ ហើយមួយទៀត ខ្ញុំចង់ឱ្យគាត់ចេះ​បង្ការ​ខ្លួនឯង។»​

និយមន័យ​របស់ជាសកលរបស់អង្គការ ​សុខភាពពិភពលោក​កំណត់​ថា​ សុខភាពផ្លូវភេទ​ជាស្ថានភាព​នៃសុខុមាលភាពផ្លូវកាយ​ អារម្មណ៍ ផ្លូវចិត្ត និងសង្គមដែលទាក់ទងនឹងការរួមភេទ។ វា​មិន​គ្រាន់​តែ​ជា​អវត្ដមាន​នៃ​ជំងឺផ្សេងៗ​ ការ​ខូច​មុខងារ ឬ​ភាព​ទន់ខ្សោយ​នោះ​ទេ។ សុខភាពផ្លូវភេទ​តម្រូវឱ្យមានវិធីសាស្រ្ត​វិជ្ជមាន និងគួរឱ្យគោរព​ចំពោះការរួមភេទ​ និងទំនាក់ទំនងផ្លូវភេទ ​ក៏ដូចជាលទ្ធភាព​នៃការទទួល​បានបទ​ពិសោធន៍ផ្លូវភេទ​ប្រកបដោយភាពរីករាយ និងសុវត្ថិភាព ដោយមិនមានការបង្ខិតបង្ខំ ការើសអើង និង​អំពើហិង្សា​ ហើយមានសិទ្ធិ ទទួលបានសេវាថែទាំសុខភាពដែលមានជំនាញ និង​សេវាកម្ម​ដែលអាចជួយ​ឱ្យពួកគេមានមានសុវត្ថិភាព។

នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ បញ្ហាសុខភាពផ្លូវភេទ និងសុខភាពបន្តពូជ គឺជាមូល​ហេតុចម្បង​នៃការ​មាន​សុខភាពមិនល្អ និង​អត្រា​ស្លាប់ខ្ពស់ចំពោះ​ស្ត្រី និងកុមារីក្នុងវ័យបង្កើតកូន។ ស្ត្រីក្រីក្រទទួល​រងហានិភ័យ ការ​មានផ្ទៃពោះ​ដោយអចេតនា ការរំលូតកូនដោយមិនមានសុវត្ថិភាព​ ការស្លាប់របស់មាតា និងពិការភាព ជំងឺ​ឆ្លងតាមការរួមភេទ អំពើហិង្សាផ្អែកលើយេនឌ័រ និងបញ្ហាផ្សេងទៀតទាក់ទង​នឹងការមាន​ផ្ទៃពោះ និងការសម្រាលកូន៕ ​

 

អត្ថបទសរសេរដោយ៖ កញ្ញា គង់ ស្រីរ័ត្ន និងកញ្ញា ម៉ិច ជូឡាយ


Post Views: 1

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button