ពិតទេលោក ពេជ្រ គឹមស្រ៊ិន ជាប់ករណីបាញ់សម្លាប់តំណាងរាស្ដ្រខ្មែរ ជាប្អូនបង្កើតលោក ពេជ្រ ស្រស់?

សកម្មជននយោបាយបក្សប្រឆាំង អះអាងថា លោក ពេជ្រ គឹមស្រ៊ិន ដែលជាប់ពាក់ព័ន្ធនឹងឃាតករបាញ់សម្លាប់លោក លិម គិមយ៉ា អតីតតំណាងរាស្ត្របក្សប្រឆាំង ជាប្អូនបង្កើតលោក ពេជ្រ ស្រស់ មេបក្សយុវជនកម្ពុជា។ ប៉ុន្តែលោក ពេជ្រ ស្រស់ បដិសេធមិនឆ្លើយតបនឹងការអះអាងនេះឡើយ។ កញ្ញា ជា សុខនី រាយការណ៍
លោក ពេជ្រ គឹមស៊្រិន ក្លាយជាជនជាប់សង្ស័យជាមួយឃាតករជនជាតិថៃ លោក ឯកាឡាក់ ផែណយ (Aekkalak Paenoi) អតីតទាហានជើងទឹកថៃ ដែលជាខ្មាន់កាំភ្លើងបាញ់សម្លាប់លោក លិម គិមយ៉ា អតីតសមាជិកសភាគណបក្សសង្គ្រោះជាតិ។ ការក្លាយជាជនសង្ស័យនេះ ដោយសារសារព័ត៌មានប្រទេសថៃ ទម្លាយវីដេអូពីកាមេរ៉ាសុវត្ថិភាព ដែលមានរូបភាពលោក ពេជ្រ គឹមស៊្រិន ធ្វើដំណើរនៅលើឡានក្រុងជាមួយលោក លិម គិមយ៉ា រហូតដល់កន្លែងដែលខ្មាន់កាំភ្លើងធ្វើសកម្មភាពបាញ់សម្លាប់។
វីដេអូនោះ ធ្វើឱ្យអ្នកនយោបាយពីបក្សប្រឆាំង ដាក់ការសង្ស័យ ដោយចោទប្រកាន់ថា លោក ព្រេជ គឹមស្រ៊ិន ជាអ្នកនៅពីក្រោយឃាតករដែលបាញ់សម្លាប់លោក លិម គិមយ៉ា ហើយពួកគេថាលោក ពេជ្រ គឹមស៊្រិន ដែលជាប់សង្ស័យថាបានបោះដៃឱ្យឃាតករ ក៏មានអ្នកនៅពីក្រោយទៀតដែលជួលឱ្យប្រព្រឹត្តឧក្រិដ្ឋកម្មនេះ។
លោក ផន ផាន់ណា ជាសកម្មជនដែលធ្លាប់ភៀសខ្លួនចេញពីប្រទេសថៃ ទៅប្រទេសទី៣ ក្រោយពីទទួលបានសារសំឡេងដែលគេចាត់ទុកថាជាអតីតនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេច ហ៊ុន សែន ថាតាមគំរាមសម្លាប់លោក។
សកម្មជនបក្សប្រឆាំងរូបនេះ បានសរសេរលើបណ្ដាញសង្គមលោកថា លោក ពេជ្រ គឹមស្រ៊ិន ជាកូនចៅលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្អូនប្រុសបង្កើតលោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា។
ការសរសេរអះអាងបែបនេះ ដោយលោក ផន ផាន់ណា បង្ហាញភស្ដុតាងលើសំបុត្រកំណើតលោក ពេជ្រ គឹមស៊្រិន មានឳពុក-ម្ដាយ និងទីកន្លែងកំណើតដូចគ្នានិងលោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា។
ប៉ុន្តែលោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បញ្ជាក់ប្រាប់វិទ្យុស្ដ្រីនៅថ្ងៃទី១០ ខែមករានេះថា លោក ពេជ្រ គឹមស្រ៊ិន ជាប្អូនបង្កើតពិតមែន ឬមិនមែន ជារឿងឯកជនភាពរបស់លោក ដោយបដិសេធមិនឆ្លើយក្នុងសំឡេងធ្ងន់ៗ ខណៈវិទ្យុស្ដ្រីសួរសំណួរពាក់ព័ន្ធនឹងទំនាក់ទំនងអ្នកទាំងពីរ។ ទោះបីមិនទទួលស្គាល់ក្ដី តែមេបក្សរូបនេះ បែរជានិយាយលក្ខណៈការពារលោក ពេជ្រ គឹមស៊្រិន ជាជនដែលជាប់ពាក់ព័ន្ធជាមួយឃាតករបាញ់សម្លាប់លោក លិម គិមយ៉ា ពីព្រោះគ្រាន់តែរូបភាព និងវីដេអូ ដែលលោក គឹមស្រ៊ិន ជិះឡានក្រុងជាមួយឃាតករប៉ុណ្ណឹង មិនគួរវាយតម្លៃ និងចោទប្រកាន់ថា លោក គឹមស៊្រិន ជាអ្នកជួលឃាតករនោះឡើយ។
លោក ពេជ្រ ស្រស់ គណបក្សយុវជនកម្ពុជា។ រូបភាពពីហ្វេសប៊ុករបស់លោក។
ម្យ៉ាងវិញទៀត លោក ស្រស់ ថា មកដល់ពេលនេះ លោក ពេជ្រ គឹមស៊្រិន មិនទាន់ត្រូវបានតុលាការថៃចោទប្រកាន់ ហើយតុលាការកម្ពុជា ក៏មិនទាន់ចោទប្រកាន់ដែរ។ ដូច្នេះលោករង់ចាំសមត្ថកិច្ចប្រទេសទាំងពីរ ស៊ើបអង្កេតស្វែងរកការពិត និងផ្ដល់យុត្តិធម៌ដល់អ្នកជាប់ចោទជាមុនសិន ទើបលោកចេញបកស្រាយ។
លោក ពេជ្រ ស្រស់៖ «យើងពិចារណាគ្រប់ជ្រុងជ្រោយ កុំចេះតែចោទប្រកាន់ចោទតាមនយោបាយអី ចោទខ្ញុំចេះតែទាញដាក់ខ្ញុំ តាមពិតខ្ញុំអាណិត ពេជ្រ គឹមស៊្រិន ខ្ញុំមើលក្មេងហ្នឹងមាឌដើរមិនរួចផង ហើយទៅចូលរួមបាញ់សម្លាប់មនុស្សរបៀបម៉េច គម្រោងការអីក៏អន់ម្ល៉េះ យើងពិចារណា មិនមែនចេះតែផ្សាយ យកទៅផ្សាយខុសវាខុសក្រមសីលធម៌ ឬប៉ះពាល់សិទ្ធិអ្នកដទៃនោះទេ។ អ៊ីចឹងហើយបានខ្ញុំរង់ចាំមើលតុលាការថៃ និងសមត្ថកិច្ចថៃ រកឱ្យឃើញភស្ដុតាងថា ពីរនាក់ហ្នឹងវាបានតេលេក្រាមគ្នា វាបាននិយាយគ្នាចំណុចណា ហើយរងចាំមើលសមត្ថកិច្ចកម្ពុជាបញ្ជាក់ការពាក់ព័ន្ធ បើអត់មានទេខ្ញុំនឹងចាប់ផ្ដើមធ្វើសន្និសីទសារព័ត៌មាន ប៉ះពាល់ដល់ឈ្មោះខ្ញុំ ចោទមកខ្ញុំ ហើយម្នាក់ៗថាប្អូនខ្ញុំ ខ្ញុំមិនបកស្រាយរឿងហ្នឹងទេ ប៉ុន្តែខ្ញុំចង់និយាយថា យើងគិតតែពីរចំណុចទេបើធ្វើជាឃាតករសម្លាប់មនុស្សមិនចាំបាច់ឱ្យក្មេងទៅចង្អុលប្រាប់មុខទេ»។
មេបក្សរូបនេះបន្ថែមថា បើសិនលោក ពេជ្រ គឹមស៊្រិន ជាអ្នករៀបចំផែនការសម្លាប់មនុស្សពិតមែន ហេតុអ្វីបានជាមិនបិទបាំងមុខ ការពារខ្លួន ដើម្បីកុំឱ្យស្គាល់អត្តសញ្ញាណ? ដូច្នេះការចោទប្រកាន់នេះ លោកចាត់ទុកជារឿងមិនសមហេតុផល ដោយស្អប់រឿងនយោបាយ ទាញលោកមកពាក់ព័ន្ធករណីឃាតកម្ម។
វិទ្យុស្ដ្រីព្យាយាមទាក់ទងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជាច្រើនដង មកដល់រសៀលថ្ងៃទី១០ មករានេះ មិនមានការឆ្លើយតបពីលោកឡើយជុំវិញការចោទប្រកាន់ថា លោក ពេជ្រ គឹមស្រ៊ិន ជាកូនចៅលោក។
លោក លិម គិមយ៉ា វ័យ ៧៤ឆ្នាំ ជាបញ្ញវន្តមួយរូបដែលបានបន្តការសិក្សា និងធ្លាប់ធ្វើជាមន្ត្រីបម្រើការងារនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្នុងប្រទេសបារាំង។ ក្រោយមកលោកត្រឡប់ចូលកម្ពុជាវិញ និងបានរួមជីវភាពនយោបាយជាមួយគណបក្សសង្គ្រោះជាតិ ហើយបានជាប់ឆ្នោតជាតំណាងរាស្ត្រជាលើកដំបូង កាលពីឆ្នាំ២០១៣ ដោយបម្រើការងារជាតំណាងរាស្ត្រនៅមណ្ឌលកំពង់ធំ រហូតដល់ឆ្នាំ២០១៧ ជាឆ្នាំដែលសម្ដេច ហ៊ុន សែន រំលាយគណបក្សសង្គ្រោះជាតិ។
លោក គិមយ៉ា ជាអ្នកនយោបាយបក្សប្រឆាំងម្នាក់ មានសញ្ជាតិពីរ គឺខ្មែរ និងបារាំង ដែលតែងតែប្រើហ្វេសប៊ុករិះគន់លើការដឹកនាំរបស់រដ្ឋាភិបាលក្នុងការងារអភិឌ្ឍន៍សង្គមជាតិ។ លោកត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់នៅប្រទេសថៃ កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥។ ក្រោយមួយថ្ងៃឃាតកម្មនេះ សមត្ថកិច្ចកម្ពុជា ចាប់ខ្លួនឃាតករបាននៅក្នុងខេត្តបាត់ដំបង ក្នុងពេលឃាតកររូបនេះឆ្លងដែនរត់គេចខ្លួនមកកម្ពុជា កាលពីថ្ងៃទី៨ ខែមករានេះ៕
Post Views: 16