សហគមន៍ឧត្តមស្រែពស់ស្នើចូលយកទ្រព្យសម្បត្តិសង្ឃមកវិញខណៈក្រុមទាហានព័ទ្ធព្រំព្រៃមេត្តាធម្មជាតិ

ភ្នំពេញ៖ ប្រជាសហគមន៍ឧត្តមស្រែពស់ក្នុងស្រុកឱរ៉ាល់បានរាយការណ៍មកវិទ្យុស្រ្តីនៅថ្ងៃទី១០ ខែមករាឆ្នាំ២០២៥នេះថា ពួកគេចង់សុំកិច្ចអន្តរាគមន៍ពីអ្នកពាក់ព័ន្ធអាចចូលក្នុងព្រៃតំបន់អាស្រមមេត្តាធម្មជាតិ ដើម្បីប្រមូលយកសម្ភារៈនិងទ្រព្យសម្បត្តិរបស់សង្ឃមករក្សាទុកវិញ។ ការស្នើនេះ បន្ទាប់ពីកាលពីថ្ងៃទី០៤ ខែមករា ថ្មីៗនេះខាងក្រុមទាហានកងរថក្រោះ«ង-៧០»បានដាក់គ្រឿងចក្រជីកដីលើកទំនប់កម្ពស់ប្រហែលកន្លះម៉ែត្រព័ទ្ធព្រំលើដីព្រៃអាស្រម និងហាមមិនឱ្យប្រជាសហគមន៍ចេញចូលបាន។
លោក កែវ សុខា ជូនសេចក្តីរាយការណ៍
ក្រោយការប្រទូសរ៉ាយគ្នាមួយប្រាវរវាងក្រុមទាហាននិងក្រុមប្រជាសហគមន៍ឧត្តមស្រែពស់កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ រហូតដល់មានរឿងប្តឹងផ្តល់ផងនោះ ឥឡូវនេះភាគីខាងទាហានកងរថក្រោះ«ង-៧០»បានបោះជំហានថ្មីទៀត ដោយប្រើគ្រឿងចក្រជីកដីលើកជាទំនប់កម្ពស់ប្រហែលកន្លះម៉ែត្រ កំណត់ព្រំព័ទ្ធយកតំបន់ព្រៃមេត្តាធម្មជាតិដែលមានជម្លោះរុំារ៉ៃជាច្រើនឆ្នាំនោះតែម្តង។ នេះបើតាមសេចក្តីរាយការណ៍ពីប្រជាសហគមន៍ឧត្តមស្រែពស់ផ្តល់ដំណឹងមកកាន់វិទ្យុស្រ្តីនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥នេះ។
រូបភាពទីតាំងដីព្រៃសហគមន៍មេត្តាធម្មជាតិដែលពលរដ្ឋថាត្រូវក្រុមទាហានជីដីលើកទំនប់ធ្វើជារបងព្រំដីកម្មសិទ្ធិរបស់ទាហានដោយលែងអនុញ្ញាតឱ្យប្រជាសហគមន៍ឆ្លងកាត់។រូបភាពពីពលរដ្ឋសហគមន៍ផ្តល់ជូន។
ចំពោះមុខស្ថានភាពនេះ ប្រជាសហគមន៍សំណូមពរត្រឹមតែអាចចូលទៅកាន់ព្រៃអាស្រមមេត្តាធម្មជាតិ ដើម្បីប្រមូលយកសម្ភារៈ និងទ្រព្យសម្បត្តិរបស់សង្ឃ ពិសេសពុទ្ធបដិមាដែលនៅសេសសល់ក្នុងព្រៃមករក្សាទុកតែប៉ុណ្ណោះ ព្រោះវត្ថុខ្លះមានតម្លៃប្រាក់និងអាចប្រើប្រាស់បាន។
ការទទូចសុំកិច្ចអន្តរាគមន៍នេះ ដោយសារប្រជាពលរដ្ឋហាក់អស់ជំនឿចិត្តពឹងពាក់អាជ្ញាធរមូលដ្ឋានលើរឿងនេះទៀតហើយ ហើយប្រជាសហគមន៍ក៏ធ្លាប់រងការប៉ះទង្គិចគ្នាជាមួយទាហានផងដែរ គ្រាដែលប៉ុនប៉ុងចូលទៅតំបន់អាស្រមប្រមូលទ្រព្យសម្បត្តិ។
ត្រង់ចំណុចនេះ សូមរំលឹកជូនបន្តិចថា កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ ក្រុមប្រជាសហគមន៍បានព្យាយាមចូលតំបន់ព្រៃអាស្រមដើម្បីប្រមូលទ្រព្យសម្បត្តិរបស់សង្ឃមករក្សាទុក តែត្រូវពើបប្រទះជាមួយក្រុមទាហានដែលយាមកាមនៅទីនោះ បណ្តាលឱ្យកើតហេតុប្រទូសរ៉ាយគ្នាមួយប្រាវរបួសទាំងសងខាង។ ហេតុការណ៍ប៉ះទង្គិចគ្នានោះ ស្រ្តីប្រជាសហគមន៍ម្នាក់ត្រូវក្រុមទាហានគប់ដំបងចំខ្នង ហើយខាងភាគីទាហានម្នាក់ក៏រងរបួសជើង ពេលប្តីរបស់ស្រ្តីរងគ្រោះព្យាយាមយកកាំបិតចូលការពារប្រពន្ធ។ ក្នុងទំនាស់ពេលនោះ ខាងភាគីទាហាននៅតែអះអាងថា ដីក្នុងតំបន់អាស្រមព្រៃមេត្តាធម្មជាតិនេះជាកម្មសិទ្ធិរបស់ពួកគេស្របច្បាប់តាមអនុក្រឹត្យដែលរដ្ឋាភិបាលប្រគល់ជូន ហើយថែមទាំងគំរាមបាញ់សម្លាប់បើនៅតែរឹងទទឹងចូលមកតំបន់ពួកគេ។
សម្ភារៈរបស់សង្ឃនិងរបស់សហគមន៍នៅទីតាំងព្រៃមេត្តាធម្មជាតិដែលប្រជាសហគមន៍ព្យាយាមចូលទៅយកមករក្សាទុក។រូបភាពពីពលរដ្ឋសហគមន៍ផ្តល់ជូន។
សម្រាប់លោក ឃន សារិទ្ធ តំណាងប្រជាសហគមន៍មួយរូបប្រាប់ថា ការព័ទ្ធយកតំបន់ដីព្រៃមេត្តានេះប្រៀបដូចផ្តាច់ឆ្នាំងបាយរបស់ប្រជាសហគមន៍ដូច្នោះដែរ ដ្បិតថា ប្រជាពលរដ្ឋអាស្រ័យតំបន់នេះឆ្លងកាត់ទៅកាន់ជួរភ្នំនិងព្រៃជ្រៅៗប្រមូលផលអនុផលព្រៃឈើតួយ៉ាងដកយកផ្សិត ត្រពាំងព្រៃ បន្លែព្រៃ ជ័រឈើ មើមរុក្ខជាតិនិងឱសថបុរាណជាដើម ដើម្បីប្តូរជាកម្រៃចិញ្ចឹមជីវិត។
លោក ឃន សារិទ្ធ៖«យើងមើលជាក់ស្តែងគាត់[ទាហាន]អត់ឆ្លើយកាត់ហ្មង ពីមុនយើងមានផ្លូវឆ្លងកាត់ទៅភ្នំឥឡូវនេះអត់ទេ គេអត់ឱ្យឆ្លងកាត់ទេ។ ចំណែកដីនៅសល់វាមានទំហំតូចនិងសម្បូរសត្វព្រៃនៅច្រើនយើងចង់ទុកឱ្យសត្វព្រៃរស់នៅ»។
រូបភាពទីតាំងដីព្រៃសហគមន៍មេត្តាធម្មជាតិដែលពលរដ្ឋថាត្រូវក្រុមទាហានជីដីលើកទំនប់ធ្វើជារបងព្រំដីកម្មសិទ្ធិរបស់ទាហានដោយលែងអនុញ្ញាតឱ្យប្រជាសហគមន៍ឆ្លងកាត់។រូបភាពពីពលរដ្ឋសហគមន៍ផ្តល់ជូន។
សម្រាប់ជំហរសហគមន៍នៅតែចង់ឱ្យក្រុមទាហានធ្វើសម្បទាន ឬដោះដូរតំបន់ព្រៃសហគមន៍អាស្រមមេត្តាធម្មជាតិនេះ ដើម្បីឱ្យប្រជាសហគមន៍អាចមានលទ្ធភាពការពារព្រៃតំបន់អភិរក្សភ្នំឱរ៉ាល់នេះបន្តទៀត ព្រោះព្រៃតំបន់ជួរភ្នំឱរ៉ាល់នេះសម្បូរទៅដោយជីវៈចម្រុះ និងធនធានធម្មជាតិសម្បូរបែប។ មួយទៀត ព្រៃអភិរក្សនេះក៏ជាប្រភពចំណូលរបស់សហគមន៍ផងដែរ ដោយការពឹងអាស្រ័យលើអនុផលព្រៃឈើតាមតំបន់ជួរភ្នំ។
លោក ឃន សារិទ្ធ៖«សម្រាប់ពួកខ្ញុំសុំសំណូរពរ បើសិនជាដីហ្នឹងមានអនុក្រឹត្យក៏មានចុះតែសុំឱ្យវៀងអាស្រមហ្នឹងដែលមានព្រះហ្នឹងទៅ ហើយយកទៅខាងដីផ្សេងវិញទៅ សុំតែប៉ុណ្ណឹងទេ ព្រោះកន្លែងហ្នឹងយើងធ្លាប់ធ្វើបុណ្យ ធ្វើទានរាប់សិនឆ្នាំមកហើយ»។
រូបបដិមារបស់ប្រជាសហគមន៍តម្កល់ក្រោមដើមឈើក្នុងព្រៃសហគមន៍បំណងការពារកុំឱ្យជនខិលខូចកាប់បំផ្លាញ ដែលក្រុមប្រជាពលរដ្ឋចង់យកត្រឡប់មកវិញ។រូបភាពពីប្រជាសហគមន៍ផ្តល់ជូន។
ជុំវិញសំណូរពររបស់ប្រជាសហគមន៍ដែលសុំចូលប្រមូលសម្ភារៈរបស់សង្ឃនិងការសុំតំបន់ព្រៃសហគមន៍អាស្រមមេត្តាធម្មជាតិមកគ្រប់គ្រងនេះ វិទ្យុស្រ្តីពុំទាន់អាចសុំការឆ្លើយតបពីភាគីខាងទាហាននៃបញ្ជាការដ្ឋានរថគ្រោះកងទ័ពជើងគោក«ង-៧០»បាននៅឡើយទេនៅថ្ងៃនេះ។ បន្ថែមពីនេះវិទ្យុស្រ្តីបានទាក់ទងទៅអ្នកនាំពាក្យសាលាខេត្តកំពង់ស្ពឺជុំវិញរឿងនេះតែលោកសុំបង្វែរសំណួរឱ្យទៅសួររដ្ឋបាលស្រុកឱរ៉ាល់។ រីឯលោក នួន វាសនា អភិបាលស្រុកឱរ៉ាល់នៅថ្ងៃនេះក៏មិនព្រមទទួលទូរស័ព្ទពីវិទ្យុស្រ្តីដូចគ្នានៅថ្ងៃនេះ។
សម្រាប់មន្រ្តីអង្គការសិទ្ធិមនុស្សដែលឃ្លាំមើលរឿងនេះធ្លាប់ផ្តល់ជាយោបល់ថា ដើម្បីអាចបញ្ចប់រឿងដ៏រុំារ៉ៃនេះបាន លុះត្រាតែអាជ្ញាធរមានសមត្ថកិច្ចចុះទៅវាស់វែងសារជាថ្មី ដោយកំណត់ព្រំកម្មសិទ្ធិឱ្យបានច្បាស់ លាស់ ព្រោះភាគីទាំងសងខាងនៅតែអះអាងជាកម្មសិទ្ធិរៀងៗខ្លួនលើដីទំនាស់។ ពោលគឺខាងប្រជាសហគមន៍អះអាងថា ក្រុមទាហានព័ន្ធយកដីព្រៃសហគមន៍លើសទំហំកម្មសិទ្ធិដែលរដ្ឋាភិបាលប្រគល់ជូន ចំណែកខាងទាហានក៏បញ្ជាក់ថា ប្រជាសហគមន៍ចូលបំពានលើដីកម្មសិទ្ធិដែលរដ្ឋប្រគល់ឱ្យ។
សូមជម្រាបថា ព្រៃសហគមន៍ឧត្ដមស្រែពស់ ឬហៅថាព្រៃមេត្តាធម្មជាតិ គឺជាផ្នែកមួយនៃដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ហើយបានចុះបញ្ជីទទួលស្គាល់ជាព្រៃអភិរក្សពីក្រសួងបរិស្ថានកាលពីឆ្នាំ២០០២។ លុះមកដល់ខែសីហា ឆ្នាំ២០២១ រដ្ឋាភិបាលបានចេញអនុក្រឹត្យ ឆ្វៀលដីព្រៃសហគមន៍ឧត្ដមស្រែខ្ពស់មានទំហំជិត ៣០០ (២៦២,២៤) ហិកតា ពីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ក្នុងភូមិពោធិ៍មាស ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បែងចែកជូនគ្រួសារយោធិន នៃកងរថក្រោះ “ង-៧០” ចំនួន៤១គ្រួសារ សម្រាប់សង់លំនៅឋាន និងបង្កបង្កើនផល។
ចាប់តាំងពីពេលនោះមក ការប៉ះទង្គិចគ្នារវាងប្រជាសហគមន៍ និងក្រុមទាហានក៏តែងកើតឡើងជារឿយៗ ដោយកាលពីឆ្នាំ២០២២ មានស្រ្តីម្នាក់ត្រូវរងរបួសបាក់ដៃក្នុងការប៉ះទង្គិចគ្នាជាមួយទាហាន។ជាងនេះក្រុមប្រជាពលរដ្ឋក៏ធ្លាប់រងបណ្តឹងជាបន្តបន្ទាប់ឡើងទៅតុលាការផងដែរ ខណៈការដើរដង្ហែរញត្តិរបស់ប្រជាសហគមន៍ដាក់ជូនខុន្ទកាល័យនាយករដ្ឋមន្រ្តី ទៅក្រសួងបរិស្ថាន ក្រសួងមហាផ្ទៃ ក្រសួងដែនដី និងរដ្ឋបាលស្រុក ខេត្ត ក៏គ្មានដំណោះស្រាយអ្វីសោះឡើយ៕