បក្សប្រឆាំងនិងអង្គការជាតិ-អន្តរជាតិ ស្នើភាគីថៃស៊ើបអង្កេតឃាតករបាញ់សម្លាប់អតីតតំណាងរាស្ដ្រខ្មែរ

អ្នកនយោបាយពីបក្សប្រឆាំង និងអង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិ ចាត់ទុកឃាតកម្មបាញ់សម្លាប់លោក លឹម គឹមយ៉ា អតីតតំណាងរាស្ដ្រគណបក្សសង្គ្រោះជាតិថា ជាសារថ្មីគំរាមកំហែងដល់សកម្មជននយោបាយដែលរត់គេចខ្លួនមកថៃ ដោយពួកគេស្នើភាគីថៃស៊ើបអង្កេតឃាតកម្មនេះឱ្យបានម៉ត់ចត់។ កញ្ញា ជា សុខនី រាយការណ៍
លោក លឹម គឹមយ៉ា វ័យ ៧៤ឆ្នាំ ជាអតីតសមាជិកសភាគណបក្សសង្គ្រោះជាតិ ដែលតែងតែរិះគន់រដ្ឋាភិបាល ត្រូវបានឃាតករបាញ់សម្លាប់នៅប្រទេសថៃ កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ ដែលការបាញ់សម្លាប់នេះ ចំថ្ងៃគណបក្សប្រជាជនកម្ពុជា អបអរថ្ងៃ ៧មករា ជាថ្ងៃដែលបានរំដោះជាតិ និងប្រជាជនកម្ពុជា ឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម។
មុនឃាតកម្មនេះ លោក លឹម គឹមយ៉ា បានសរសេរផ្សព្វផ្សាយលើបណ្ដាញសង្គមរបស់លោក ដោយរិះគន់ការរៀបចំព្រឹត្តិការណ៍ឆ្លងឆ្នាំរបស់លោក ហ៊ុន ម៉ានី ជាប្រធានសហភាពសហព័ន្ធកម្ពុជា (ស.ស.យ.ក) ថាជាព្រឹត្តិការណ៍មួយដែលមិនបានផ្ដល់ប្រយោជន៍ជូនប្រជាពលរដ្ឋ និងសង្គមជាតិ។
លោក អ៊ូ ច័ន្ទរ័ត្ន ប្រធានគណបក្សកែទម្រង់កម្ពុជា ប្រាប់វិទ្យុស្ដ្រីនៅថ្ងៃទី៨ ខែមករាថា ករណីបាញ់សម្លាប់លើលោក លឹម គឹមយ៉ា នេះ លោកមិនទាន់អាចសន្និដ្ឋានលើរឿងអ្វីប្រាកដឡើយ ប៉ុន្តែឃាតករដែលបាញ់សម្លាប់ភាគច្រើន គឺសុទ្ធតែត្រូវបានគេជួល។ ដូច្នេះបើសន្និដ្ឋានឃាតកម្មនេះធៀបនឹងករណីចោរប្លន់ លោកថាមិនត្រឹមត្រូវទេ ព្រោះជនល្មើសបានត្រៀមចាំហូតកាំភ្លើងមកបាញ់សម្លាប់ភ្លាមៗតែម្ដង។
លោក អ៊ូ ច័ន្ទរ័ត្ន ប្រធានគណបក្សកែទម្រង់កម្ពុជា។ រូបភាពពីបណ្ដាញសង្គមរបស់លោក។
មួយទៀតបើសន្និដ្ឋានថាពាក់ព័ន្ធនឹងគំនុំ ដ្បិតលោកក៏មិនដឹងពីព័ត៌មានផ្ទាល់ខ្លួនលោក គឹមយ៉ា ច្បាស់ដែរ ក៏ប៉ុន្តែកន្លងមកតាមលោកស្គាល់លោក គឹមយ៉ា និងធ្លាប់ធ្វើការជាមួយគ្នា គឺមិនដែលមានគំនុំ ឬជម្លោះជាមួយអ្នកណាឡើយ ព្រោះលោក គឹមយ៉ា រស់នៅក្នុងប្រទេសបារាំងជាមួយភរិយា។ ហើយបើសន្និដ្ឋានពាក់ព័ន្ធនឹងរឿងនយោបាយ លោកថា លោក គឹមយ៉ា មិនសមជាមុខព្រួញអ្នកប្រឆាំងខ្លាំងក្លានោះទេ ព្រោះបច្ចុប្បន្ននេះលោក គឹមយ៉ា មិនដែលមានឈ្មោះបោះសម្លេងក្នុងជួរគណបក្សនយោបាយ និងមានឥទ្ធិពលទៅកាន់រាជរដ្ឋាភិបាលនោះទេ។
លោក អ៊ូ ច័ន្ទរ័ត្ន៖ «ខ្ញុំមិនហ៊ានសន្និដ្ឋានថាជាករណី ឬប្រការអីនាំឱ្យមានការបាញ់សម្លាប់បែបនេះ គាត់ផុសអី គាត់សរសេរអីខ្ញុំអត់ដែលបានតាមដាន ព្រោះខ្ញុំមិនសូវចាប់អារម្មណ៍ស្អីដែលគាត់សរសេរផងមែនទែនទៅ។ ទោះបីជាមិនមានជាចេតនា ឬមិនមែនជាការប៉ិនប៉ង ក្នុងការគំរាមកំហែងដល់អ្នកប្រឆាំងក៏ដោយ ឬវាជារឿងចៃដន្យក៏ដោយ កើតឡើងដោយសារបញ្ហាផ្សេងក៏ដោយ ក៏អ្នកនយោបាយបក្សប្រឆាំង សកម្មជនបក្សប្រឆាំងហ្នឹង ហាក់ដូចជាទទួលរងសម្ពាធ និងការគំរាមកំហែងរួចស្រាប់ទៅហើយ»។
លោក លឹម គឹមយ៉ា សកម្មភាពលោកជាតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិកន្លងមក។
លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ នៅមិនទាន់សន្និដ្ឋានករណីឃាតកម្មនេះ ជារឿងនយោបាយទាំងស្រុងឡើយ ប៉ុន្តែការបាញ់ប្រហារនេះលោកមើលឃើញថា ឃោរឃៅខ្លាំងមកលើសកម្មជននយោបាយបក្សប្រឆាំង។ ឃាតកម្មឃោរឃៅនេះ លោកចាត់ទុកជាសារថ្មីមួយដែលគំរាមកំហែងដល់សកម្មជននយោបាយបក្សប្រឆាំងផ្សេងទៀត ដែលហ៊ាននិយាយរិះគន់បញ្ហាសង្គម។
លោក រ៉ុង ឈុន៖ «គំរាមកំហែងដល់អ្នកនយោបាយ សកម្មជន ក៏ដូចជាអង្គការសង្គមស៊ីវិល ដែលធ្វើកិច្ចការការងារសង្គម។ រឿងហ្នឹងដែរក្នុងនាមគណបក្សកម្លាំងជាតិ សូមឱ្យអាជ្ញាធរថៃត្រូវតែធ្វើការស៊ើបអង្កេត វែកមុខរកឃាតករដែលពាក់ព័ន្ធមកផ្តន្ទាទោស។ ខ្ញុំមិនអាចធ្វើការសន្និដ្ឋានបែបណាបាននៅឡើយទេ ព្រោះខ្ញុំក៏មិនបានឃើញការបង្ហោះ និងការសរសេរអីរបស់គាត់ដែរបាទ!»។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បញ្ជាក់ប្រាប់វិទ្យុស្ដ្រីដែរថា ករណីឃាតកម្មនេះ មិនមែនកើតឡើងក្នុងប្រទេសកម្ពុជានោះទេ គឺនៅក្រុងបាងកក ប្រទេសថៃ ដូច្នេះលោកចោទជាសំណួរថា ហេតុអ្វីបានជាសកម្មជននយោបាយបក្សប្រឆាំងទាំងនោះ ភ្ជាប់ឃាតកម្មនោះមកចោទប្រកាន់គណបក្សកាន់អំណាច និងរាជរដ្ឋាភិបាល?
លោក សុខ ឥសាន៖ «អ៊ីចឹងខ្ញុំយល់ថាការចោទនេះ វាមិនផ្សារភ្ជាប់ទៅនឹងការពិតជាក់ស្ដែងនោះទេ គ្រាន់តែជាការមួលបង្កាត់ ការលាបពណ៌តែប៉ុណ្ណឹងទេ»។ អារឿងរិះគន់ហ្នឹងវាមានទៅមានមកធម្មតាទេ ជាវោហារសាសន៍នយោបាយ គេមិនដែលយកវោហារសាសន៍នយោបាយមកធ្វើជាទល្ហីករណ៍ ឯកសារ ដើម្បីមកចោទប្រកាន់ភាគីម្ខាងៗទេ បើសម រស្ស៊ី ជេរគណបក្សប្រជាជន ជេរមិនដឹងប៉ុន្មានកញ្ឆេទៅហើយ ប៉ុន្តែគណបក្សប្រជាជនមិនដែលចាប់ទោសអូសដំណើរអីគាត់»។
អ្នកនាំពាក្យរូបនេះបន្ថែមថា ដោយឡែកចំពោះការរិះគន់របស់លោក លឹម គឹមយ៉ា ក៏ដូចគ្នាដែរ គណបក្សប្រជាជន មិនដែលចាប់ទោសអ្វីឡើយ ពីព្រោះការរិះគន់ទាំងនោះ ជាវោហារសាសន៍នយោបាយប៉ុណ្ណោះ។
វិទ្យុស្ដ្រីបានព្យាយាមទាក់ទងលោក សុខ សប្បាយណា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍យុវជនកម្ពុជា នៃសហភាពសហព័ន្ធកម្ពុជា (ស.ស.យ.ក) មកដល់រសៀលនេះ នៅមិនទាន់មានការឆ្លើយតបពីលោកឡើយ។
ងាកមកលោក មាជ សុវណ្ណារ៉ា ប្រធានគណបក្សជំនាន់ថ្មី ក៏ទាន់សន្និដ្ឋានករណីបាញ់សម្លាប់លោក លឹម គឹមយ៉ា ថាជាហេតុផលនយោបាយនោះដែរ តែកន្លងមកលោកថា លោក គឹមយ៉ា ជាសកម្មជននយោបាយបក្សប្រឆាំងម្នាក់ ដែលសកម្មក្នុងរិះគន់ដើម្បីស្ថាបនា និងតែងតែសរសេររបញ្ចេញមតិពាក់ព័ន្ធការអភិវឌ្ឍន៍សង្គមជាតិខ្មែរ។ ពាក់ព័ន្ធនឹងឃាតកម្មនេះដែរ លោកទទួលព័ត៌មានថាឃាតករដែលបាញ់សម្លាប់លោក គឹមយ៉ា ជាអតីតទាហានជើងទឹកក្នុងប្រទេសថៃ ដូច្នេះប្រហែលជាមានអាថ៌កំបាំងអ្វីនៅពីក្រោយ ប៉ុន្តែលោកមិនដឹងច្បាស់ដែរ។
ដោយឡែកមុនឃាតកម្មនេះ អ្វីដែលលោក គឹមយ៉ា បានសរសេររិះគន់ព្រឹត្តិការណ៍ឆ្លងឆ្នាំដែលរៀបចំដោយលោក ហ៊ុន ម៉ានី កន្លងមកនេះ លោកថាជាការរិះគន់ក្នុងនាមជាអ្នកច្បាប់ និងជាអតីតតំណាងរាស្ដ្របក្សប្រឆាំង ដូច្នេះមិនអាចយកចំណុចរិះគន់ទាំងនោះដាក់ជាការសង្ស័យនាំឱ្យមានឃាតកម្មនេះកើតឡើយ។
លោក មាជ សុវណ្ណារ៉ា ប្រធានគណបក្សជំនាន់ថ្មី។ រូបភាពពីបណ្ដាញសង្គមលោក។
លោក មាជ សុវណ្ណារ៉ា៖ «វាជាការប៉ះពាល់ទៅនឹងសិទ្ធិសេរីភាពក្នុងបញ្ចេញមតិ ការធ្វើនយោបាយ ហើយអ្វីដែលមិនទាន់ឃើញការបញ្ចេញអ្វីនៅពីក្រោយអាថ៌កំបាំងនៃការបាញ់ ប៉ុន្តែសម្រាប់អ្នកនយោបាយ ហាក់ដូចជាផុយស្រួយពេក។ អ៊ីចឹងហើយក្នុងនាមជាប្រធានគណបក្សជំនាន់ថ្មី ខ្ញុំចង់ឃើញអ្វីៗដោះស្រាយបញ្ហាតាមសន្តិវិធីបែបអហិង្សា ហើយយើងបញ្ហាមកជជែកគ្នាបានក្នុងនាមភាគីខ្មែរដូចគ្នា នេះខ្ញុំនិយាយនេះមិនមែនជាការចោទប្រកាន់ទេ ក្នុងនាមទៅថ្ងៃមុខ ខ្ញុំចង់ឃើញអ្នកបន្តវេន អ្នកនយោបាយជំនាន់ថ្មីហ្នឹង គឺប្រគួតប្រជែងតែគោលនយោបាយ ដើម្បីតម្កល់ផលប្រយោជន៍ជាតិ ផលប្រយោជន៍ប្រជារាស្ដ្រទៅ ចៀសជាងបាញ់មនុស្សដូចសត្វធាតុ ហើយគំរាមកំហែងបំភិតបំភ័យអ្នកយោបាយ»។
ជុំវិញឃាតកម្មនេះ លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ និយាយដែរថា លោក លឹម គឹមយ៉ា ជាអតីតតំណាងរាស្ដ្របក្សប្រឆាំង ហើយកន្លងមកលោក គឹមយ៉ា តែងតែសរសេរលើបណ្ដាញសង្គមរបស់ខ្លួន បញ្ចេញមតិរិះគន់ច្រើនទាក់ទាក់ស្ថានភាពអភិវឌ្ឍន៍សង្គមជាតិ។ ដោយការបញ្ចេញមតិរិះគន់ទាំងនោះច្រើនពេក លោកមិនអាចធ្វើសេចក្ដីសន្និដ្ឋានបានថា ឃាតកម្មបាញ់សម្លាប់នេះកើតឡើងលើរឿងអ្វីមួយឡើយ។
លោក អំ សំអាត៖ «យើងឃើញថា ការបាញ់សម្លាប់ទៅលើអតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិនៅប្រទេសនេះ កាន់តែបង្ហាញច្បាស់ថា នៅប្រទេសថៃមិនមែនជាកន្លែងសុវត្ថិភាពសម្រាប់សកម្មជននយោបាយ ឬសកម្មជនផ្សេងៗស្វែងរកសិទ្ធិជ្រកក្រោននៅក្នុងប្រទេសថៃហ្នឹងទេបាទ!»។
បន្ទាប់ពីឃាតកម្មលើលោក លឹម គឹមយ៉ា កាលពីយប់ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) នាយកអង្គការតស៊ូមតិសិទ្ធិមនុស្ស និងការងារអាស៊ី (AHRLA) ចេញសេចក្ដីថ្លែងការណ៍លើករណីឃាតកម្មលើលោក លឹម គឹមយ៉ា ដោយចាត់ទុកការបាញ់សម្លាប់នេះ ជាការគាបសង្កត់ និងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់អ្នកនយោបាយបក្សប្រឆាំងដែលរត់គេចខ្លួន និងអ្នកនយោបាយប្រឆាំងផ្សេងទៀតនៅក្នុងប្រទេសកម្ពុជា។
លោក ហ្វីល រ៉ូបឺតសុន។ រូបភាពពីបណ្ដាញសង្គមរបស់លោក។
លោក ហ្វីល រ៉ូបឺតសុន៖ «ការបាញ់ប្រហារយ៉ាងសាហាវឃោរឃៅលើអតីតសមាជិកសភាគណបក្សសង្គ្រោះជាតិនៅតាមដងផ្លូវក្នុងទីក្រុងបាងកក សុទ្ធតែជាសញ្ញានៃការធ្វើឃាតនយោបាយ ហើយមើលទៅជាការកើនឡើងគួរឱ្យកត់សម្គាល់ក្នុងការប្រើប្រាស់ការគំរាមកំហែងឆ្លងដែននៅក្នុងទីក្រុងបាងកក។ ផលប៉ះពាល់ដោយផ្ទាល់នឹងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ប្រជាជនរាប់រយពាន់នាក់»។
ក្នុងសេចក្ដីថ្លែងការណ៍ដដែលបញ្ជាក់ថា សកម្មភាពចាប់ខ្លួនជនសង្ស័យ និងមេក្លោងដែលអាចមាននៅពីក្រោយរឿងនេះ នាយកអង្គការរូបនេះ ស្នើឱ្យរដ្ឋាភិបាលបារាំងត្រូវតែស្វែងរកយុត្តិធម៌យ៉ាងហ្មត់ចត់សម្រាប់ពលរដ្ឋរបស់ពួកគេ គឺលោក លឹម គឹមយ៉ា។ និងស្នើឱ្យរដ្ឋាភិបាលថៃ ក៏ត្រូវស៊ើបអង្កេតឱ្យមានប្រសិទ្ធភាព និងហ្មត់ចត់ចំពោះការធ្វើឃាតនេះផងដែរ។
យោងតាមកការផ្សាយរបស់កាសែត The Nation នៅថ្ងៃទី៨ ខែមករានេះថា ក្រុមអ្នករាយការណ៍ព័ត៌មាននានា បានបញ្ជាក់ឱ្យដឹងថា ប៉ូលិសថៃកំពុងស្នើសុំដីកាចាប់ខ្លួនបុរសម្នាក់ឈ្មោះ Ekalak លើករណីសង្ស័យបាញ់សម្លាប់អតីតអ្នកតំណាងរាស្ត្រ លោក លឹម គឹមយ៉ា។ បុរសឈ្មោះ Ekalak គឺជាអតីតមន្ត្រីកងទ័ពជើងទឹកភូមិន្ទថៃ ហើយតាមការចុះផ្សាយរបស់The Nation បន្ថែមទៀតថា បុគ្គលនោះ ជាប់សង្ស័យពីបទឃាតកម្មគិតទុកជាមុន ប្រើប្រាស់អាវុធនៅទីសាធារណៈដោយគ្មានមូលហេតុត្រឹមត្រូវ និងការបាញ់បោះសេរីតាមទីសាធារណៈ៕