ព័ត៌មានរដ្ឋបាលខេត្តកំពង់ចាម

សម្តេច ម៉ែន សំអន គាំទ្រចំពោះគំនិតផ្តួចផ្តើមក្នុងប្រែក្លាយផ្ទះនៅស្រុកកំណើតសម្តេចតេជោ ទៅជារមណីយដ្ឋានប្រវត្តិសាស្ត្រតេជោសែន

រដ្ឋបាលខេត្តកំពង់ចាមបានប្រកាសព័ត៌មានថា​ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញទស្សនាផ្ទះកំណើត របស់ សម្ដេចតេជោ ហ៊ុន សែន ស្ថិតក្នុងភូមិពាមក្រៅ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នារសៀលថ្ងៃអាទិត្យ ១៥កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥។

#ខេត្តកំពង់ចាម  ក្នុងឱកាសនោះ ក៏មានវត្តមានអញ្ជើញចូលរួមពី ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ភរិយាថ្នាក់ដឹកនាំ និងក្រុមការងារជាច្រើនរូបទៀត  បន្ទាប់ពីបានចូលរួមក្នុងពិធីបុណ្យវិសាខបូជា នៅបូជនីយដ្ឋាន រូបសំណាកនាគ នាឃុំកោះពីរ ស្រុកក្រូចឆ្មារ។

នេះជាដំណើរជាប្រវត្តិសាស្ត្រលើកដំបូង របស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដែលបានអញ្ជើញមកទស្សនាដោយដោយផ្ទាល់ ផ្ទះកំណើតសម្តេចតេជោ ហ៊ុន សែន ដោយបានទទួល បដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅពី ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងអាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋដែលរស់នៅម្តុំនោះ និងបានធ្វើការសំណេះសំណាល រួចហូបផ្លែឈើប្រចាំគ្រួសារ ជុំគ្នាស្ថិតក្នុងបរិយាកាសសប្បាយរីករាយ និងស្និទ្ធស្នាលក្រៃលែង។

រដ្ឋបាលខេត្តកំពង់ចាមក៏បានបញ្ជាក់បន្ថែមថា តាមរយៈ ឯកឧត្តម ច្រឹង គឹមស្រ៊ាន អតីតសមាជិកព្រឹទ្ធសភានីតិកាលទី៤ បច្ចុប្បន្នជាទីប្រឹក្សាសម្តេច តេជោ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាប់ថា កាលពីអំឡុង ខែមករា ឆ្នាំ១៩៨៨ ដោយឃើញថាផ្ទះចាស់ មានសភាពទ្រុឌទ្រោមខ្លាំង ទើបសុំការឯកភាពពី ឯកឧត្តម ហ៊ុន នាង រុះរើផ្ទះចាស់នោះចេញ ជំនួសដោយផ្ទះថ្មី ដែលសង់អំពីឈើប្រក់ក្បឿង ទំហំ ៦ម×១៤ម  ដែលមានអ្នកស្រី សុន ជូ និងស្វាមី ជាអ្នកមើលថែទាំរហូតដល់សព្វថ្ងៃនេះ។

នៅក្នុងការប្រកាសព័ត៌មានរដ្ឋបាលខេត្តកំពង់ចាមបានបង្ហាញថា បើតាមតាមការបង្ហើបឲ្យដឹងពី ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាឱកាសនោះ ឯកឧត្តមមានគម្រោងកែច្នៃ និងរៀបចំផ្ទះនោះ ទៅជារមណីយដ្ឋានប្រវត្តិសាស្ត្រតេជោសែន ដើម្បីទុកជាកេរ្តិ៍ដំណែលប្រវត្តិសាស្ត្ររបស់សម្តេចតេជោ ហ៊ុន សែន និងជាកំណប់ទ្រព្យរបស់អ្នកស្ទឹងត្រង់, ទុកជាការសិក្សស្រាវជ្រាវរបស់យុវជនជំនាន់ក្រោយៗទៀត ក៏ដូចជា ការបង្កើនចំណូលសេដ្ឋកិច្ចគ្រួសារ ដែលពឹងផ្អែកទៅលើវិស័យទេសចរណ៍ និងស្ទួយមុខមាត់ខេត្តកំពង់ចាមឲ្យកាន់តែមានភាពរីកចម្រើនប្រកបដោយ សក្តានុពល និងភាពទាកទាញ។

ជាការឆ្លើយតប សម្តេចកិត្តិសង្គហបណ្ឌិត ក៏បាន សម្តែងនូវការកោតសសើរ ពេញចិត្ត និងគាំទ្រទាំងស្រុងចំពោះគំនិតផ្តួចផ្តើមក្នុងប្រែក្លាយផ្ទះនៅស្រុកកំណើតសម្តេចតេជោ ទៅជារមណីយដ្ឋានប្រវត្តិសាស្ត្រតេជោសែន និងបានជម្រុញឲ្យ ឯកឧត្តម ហួត ហាក់ និង ឯកឧត្តម អ៊ុន ចាន់ដា រួមសហការគ្នាសិក្សាអំពីនីតិវិធីក្នុងរៀបចំ៕

#រដ្ឋបាលខេត្តកំពង់ចាម

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button