នាទីសុខភាពព័ត៌មានព័ត៌មានជាតិព័ត៌មានអន្តរជាតិ
Trending

ក្រសួងសុខាភិបាល សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផល នៃមហាសន្និបាតសុខភាពពិភពលោក លើកទី៧៨

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ បានចេញ​សេចក្តីប្រកាសព័ត៌មាន អំពីលទ្ធផល នៃមហាសន្និបាតសុខភាពពិភពលោក លើកទី៧៨នៅទីក្រុងហ្សឺណែវ នៃសហព័ន្ធស្វីស។

ក្រសួងសុខាភិបាលបានបញ្ជាក់ថាតបតាមការអញ្ជើញរបស់អគ្គនាយកអង្គការសុខភាពពិភពលោក ព្រមទាំងទទួលបានសិទ្ធិប្រទានដ៏ ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំគណៈប្រតិភូក្រសួងសុខាភិបាល ចូលរួម ក្នុងសម័យប្រជុំពេញអង្គ នៃមហាសន្និបាតសុខភាពពិភពលោក លើកទី៧៨ ដែលបានប្រព្រឹត្តទៅពីថ្ងៃទី១៩ ដល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងហ្សឺណែវ នៃសហព័ន្ធស្វីស។

ក្រសួងសុខាភិបាលបន្តទៀតថា សម័យប្រជុំពេញអង្គ នៃមហា សន្និបាតសុខភាពពិភពលោក គឺជាកិច្ចប្រជុំប្រចាំឆ្នាំរបស់អង្គការសុខភាពពិភពលោក ដែលមានសមាជិក ១៩៤ និងមាន១៨១ ប្រទេសចូលរួម។ មហាសន្និបាតសុខភាពពិភពលោកលើកទី៧៨ បានប្រព្រឹត្តទៅក្រោមមូលបទ ពិភពលោកមួយ ដើម្បីសុខភាព «One World for Health» ដែលរួមមានសសរស្ដម្ភ ចំនួន៤គឺ៖

១. ប្រជាជនជាង១ពាន់លាននាក់នឹងបានទទួលអត្ថប្រយោជន៍ ពីការគ្របដណ្តប់សុខភាពជាសកល

២. ប្រជាជនជាង១ពាន់លាននាក់នឹងទទួលបានការការពារកាន់តែប្រសើរពីគ្រោះអាសន្នសុខភាព

៣. ប្រជាជនជាង១ពាន់លាននាក់នឹងទទួលបានភាពរីករាយដោយមានសុខភាពនិងសុខមាលភាព កាន់តែប្រសើរ

៤. កាន់តែមានប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពដែលអង្គការសុខភាពពិភពលោកផ្តល់ការគាំទ្រកាន់តែប្រសើរ ដល់ប្រទេសនានា ។

គួរបញ្ជាក់ថា រយៈពេល៩ថ្ងៃ ដែលគណៈប្រតិភូក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមក្នុងអង្គ មហាសន្និបាតសុខភាពពិភពលោក លើកទី៧៨ បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ និងផ្តល់តម្លៃខ្ពស់បំផុត ដល់កិច្ចសហប្រតិបត្តិការអន្តរជាតិ លើការពង្រឹងចំណងសាមគ្គីភាព មិត្តភាពជាមួយប្រទេសទាំងអស់នៅលើ ពិភពលោក ជាពិសេសការពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគីនិយម ការជំរុញឱ្យមានសមធម៌សុខាភិបាល ការ ធានានិរន្តរភាពហិរញ្ញវត្ថុ តាមរយៈការកៀគររដ្ឋជាសមាជិក ដើម្បីចូលរួមវិភាគទានក្នុង Investment Round ក៏ ដូចជាចូលរួម អនុវត្តការប្តេជ្ញាចិត្តរបស់សហគមន៍អន្តរជាតិ និងអង្គការសុខភាពពិភពលោក ដែលកិច្ចការនេះ បានបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាពិតជាបានចូលរួមចំណែកក្នុងការពង្រឹងសន្តិភាព សន្តិសុខ ការអភិវឌ្ឍពិភព លោកទាំងមូល ពោលគឺ ពិភពលោកមួយ ដើម្បីសុខភាព «One World for Health» ។

 

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button