នាទីសុខភាពព័ត៌មាន

ប្រជាពលរដ្ឋព្រួយបារម្ភពីសុខភាពខណៈមានទឹកកង្វក់បានហូរចូលអូរត្រែងបង្កឱ្យត្រីពុលងាប់ជាបន្តបន្ទាប់

លោកនូវ រិទ្ធី អភិបាលស្រុករតនមណ្ឌលបញ្ជាក់ថា ពុំមានទឹកស្អុយក្នុងអូរត្រែង ពុំមានត្រីងាប់ក្នុងទឹក និងទឹកស្អុយហូរចូលអូរត្រែងពីរោងចក្រឡើយ នឹងថាជាព័ត៌មានមិនពិត , ប្រជាពលរដ្ឋដែលរស់នៅក្បែរតំបន់នៅតែអះអាងថាពិតជាមានត្រីពុលងាប់ ហើយទឹកមានក្លិនឈួលស្អុយពិតមែន, ក្រុមការងារជំនាញក្រសួងបរិស្ថានរកឃើញមានផលប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋដោយសារការបញ្ចេញសំណល់រាវរបស់រោងចក្រកែច្នៃផ្លែឈើរបស់ក្រុមហ៊ុន ប៉ៃសិងសេង ខេមបូឌា អិនដាសស្ទ្រី ខូអិលធីឌីនៅក្នុងស្រុករតនមណ្ឌល ខេត្តបាត់ដំបង!

បាត់ដំបង ៖ ក្នុងរយៈពេលចុងក្រោយដែលមានភ្លៀងកក់ខែធ្លាក់មកជាបន្តបន្ទាប់ ប្រជាពលរដ្ឋរាយការណ៍ថាទឹកហូរមកប៉ែកខាងលើដែលសម្បូរដោយរោងចក្រ មានទឹកខ្មៅហូរចូលអូរត្រែង ស្ថិតនៅភូមិស្វាយសរ ឃុំអូរត្រែង ស្រុករតនមណ្ឌលខេត្តបាត់ដំបង ដែលជាប្រភពទឹកប្រជាពលរដ្ឋប្រើប្រាស់ប្រចាំថ្ងៃ បណ្តាលឱ្យមានក្លិនស្អុយឈួល ធ្វើឱ្យត្រីពុលងាប់អណ្តែតទឹកជាញិកញាប់ ។


ប្រជាពលរដ្ឋដែលមានចំការនៅក្បែរអូរត្រែងបាននិយាយសុំមិនបញ្ចេញឈ្មោះដោយខ្លាចពីសុវត្ថិភាពឱ្យដឹងថាអូរត្រែងនេះជាប្រភពទឹកប្រជាពលរដ្ឋប្រើប្រាស់ប្រចាំថ្ងៃ និងស្រោចស្រពដំណាំ ក្នុងឆ្នាំកន្លងមកក៏មានករណីត្រីពុលងាប់ដែរតែស្ងាត់ទៅវិញ តែចុងក្រោយនេះពេលភ្លៀងកក់ខែធ្លាក់ មានឃើញត្រីពុលងាប់ជាបន្តបន្ទាប់ ធ្វើឱ្យអ្នកភូមិព្រួយបារម្ភពីសុខភាពជាខ្លាំង។
លោកបន្តថាអ្នកភូមិមិនដឹងថាទឹកពុលដោយសារអ្វីនោះទេ គ្រាន់តែដឹងថានៅប៉ែកខាងលើអូរត្រែង មានរោងចក្រកែច្នៃស្វាយពីរកន្លែង ហើយប្រភពទឹកបានហូរកាត់ពីទីនោះធ្លាក់មកអូរត្រែង និងបន្តធ្លាក់មកស្ទឹងសង្កែ ។

ប្រជាពលរដ្ឋខាងលើបានសំណូមពរឱ្យអាជ្ញាធរនិងមន្រ្តីពាក់ព័ន្ធធ្វើការទប់ស្កាត់កុំឱ្យមានសាធាតុពុលហូរចូលទឹកអូរ រឺស្ទឹងដែលប្រជាពលរដ្ឋប្រើប្រាស់ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។
(សម្លេង ឃ្លីបទី១ )

ថ្មីៗនេះអ្នកភូមិបានបង្ហោះលើបណ្តាញសង្គមទាក់ទងនឹងទឹកពណ៌ខ្មៅបានហូរចូលអូរត្រែងខាងលើនេះបណ្តាលឱ្យត្រីងាប់ យ៉ាងហោចណាស់បីដង នឹងឃើញមានអាជ្ញាធរចុះទៅពិនិត្យជាបន្តបន្ទាប់ដែរ។
លោកនូវ រិទ្ធី អភិបាលស្រុករតនមណ្ឌលស្តីពីបានឱ្យដឹងថាលោកបានដឹកនាំក្រុមការងារពាក់ព័ន្ធចុះទៅពិនិត្យផ្ទាល់នៅចំណុចអូរត្រែងនោះកាលពីថ្ងៃទី០៤ខែមីនាឆ្នាំ២០២៥ ក្រោយពីទទួលព័ត៌មានពីប្រជាពលរដ្ឋដែលបង្ហោះលើបណ្តាញសង្គម លោកបញ្ជាក់ថា ពុំមានទឹកស្អុយក្នុងអូរត្រែង ពុំមានត្រីងាប់ក្នុងទឹក និងទឹកស្អុយហូរចូលអូរត្រែងពីរោងចក្រឡើយ នឹងថាជាព័ត៌មានមិនពិត។

IMG_8829
ទោះបីយ៉ាងណាប្រជាពលរដ្ឋដែលរស់នៅក្បែរតំបន់នៅតែអះអាងថាពិតជាមានត្រីពុលងាប់ ហើយទឹកមានក្លិនឈួលស្អុយពិតមែន ប៉ុន្តែដោយសារទឹកហូរមិននៅនឹង ជាតិពុលរឺក្លិនស្អុយបានហូរទៅតាមទឹក ចាក់ចូលស្ទឹងសង្កែអស់ គឺពុលពេលព្រឹក ពេលថ្ងៃឡើងទឹកប្រែមកជាធម្មតាវិញ ។ នៅថ្ងៃទី០៨និង០៩ខែមីនាឆ្នាំ២០២៥ ប្រជាពលរដ្ឋបាននាំគ្នា ថតផ្តិតរូបភាពបង្ហោះលើបណ្តាញសង្គមជាថ្មីម្តងទៀតបង្ហាញពីទិដ្ឋភាពត្រីពុលអណ្តែតទឹកនៅចំណុចអូរត្រែងខាងលើ។

IMG_8796 IMG_8800
លើកនេះខាងរដ្ឋបាលស្រុករតនមណ្ឌលបានចុះទៅពិនិត្យជាថ្មី និងបានធ្វើសេចក្តីបំភ្លឺថាដោយសារទឹកភ្លៀងខ្លាំងបានហូរច្រោះចូលអូរទើបធ្វើឱ្យទឹកល្អក់ខ្លាំង ជាហេតុធ្វើឱ្យត្រីតូចៗពុលទឹកល្អក់ កើតពីភ្លៀងដំបូង តែក្រោយមកប្រហែលមួយម៉ោងពុំមានត្រីពុល និងងាប់ទៀតឡើយ។ និងបញ្ជាក់ថាពុំមានជាតិពុលអ្វីហូរចេញពីសហគ្រាសផលិតដំណាប់ស្វាយឡើយ។

ទោះបីមានការបំភ្លឺដូច្នេះនៅថ្ងៃទី២០ខែមីនាឆ្នាំ២០២៥ ប្រជាពលរដ្ឋបានថតរូបភាពរាយការណ៍ជាថ្មីម្តងទៀត ថាមានទឹកខ្មៅហូរមកពីប៉ែកខាងលើចូលមកក្នុងអូរត្រែងបណ្តាលឱ្យត្រីពុលងាប់ជាថ្មីដដែល។
ប្រជាពលរដ្ឋបាននិយាយក្នុងឃ្លីបវីដេអូថា៖«ថ្ងៃព្រហស្បត្តិទី២០ ទឹកស្អុយពុលត្រី ទឹកខាប់ខ្មៅវ៉ិ ទឹកប្រើម៉េចបាន ប្រើលែងកើតហើយ ៤ទៅ៥ថ្ងៃគេបង្ហូរមកម្តងចឹង»។

IMG_8800
ប្រជាពលរដ្ឋលោក រ៉ែន ចិន្តា ដែលមានផ្ទះនៅក្បែរអូត្រែងផ្ទាល់បានអោយដឹងថា ទឹកស្អុយបានបណ្តាលឱ្យត្រីពុលងាប់ជាបន្តបន្ទាប់ លោកតែងតែរាយការណ៍ទៅកាន់អាជ្ញាធរ ប៉ុន្តែអាជ្ញាធរថាបានចេញសេចក្តីបំភ្លឺថាជាព័ត៌មានមិនពិតទៅវិញ ។ លោកបន្ថែមថានៅថ្ងៃទៅ២០ខែមីនានេះលោកបានថតផ្តិតរូបភាពទឹកស្អុយ និងមានត្រីពុលងាប់ រាយការណ៍ម្តងទៀតដើម្បីឱ្យមានអន្តារគមន៍ជាថ្មី។ លោកចិន្តាបានត្អូញត្អែថាប្រជាពលរដ្ឋខ្លះមានជីវភាពធូធារបានបុកអណ្តូងប្រើប្រាស់ ចំណែកប្រជាពលរដ្ឋផ្សេងទៀតបានប្រើប្រាស់ទឹកអូរនេះប្រចាំថ្ងៃដោយសារអត់ជម្រើស ពួកគាត់មានការព្រួយបារម្ភខ្លាំងពីបញ្ហាសុខភាពទាំងមនុស្សនិងសត្វ។


លោកបញ្ជាក់ថាប្រជាពលរដ្ឋក្នុងភូមិសង្ស័យថាទឹកខ្មៅទាំងនេះហូរចេញពីរោងចក្រកែច្នៃផ្លែស្វាយនៅប៉ែកខាងលើ ហូរចូលមកក្នុងអូត្រែង ព្រោះនៅខាងលើផ្នែកខាងលើរោងចក្រទឹកថ្លាធម្មតា ប៉ុន្តែនៅខាងក្រោមរោងចក្រទឹកហូរមកពណ៌ខ្មៅ ។
(សម្លេងប្រជាពលរដ្ឋ ទី២)

លោក កត បូរ៉ាណ ប្រធានមន្ទីរបរិស្ថានខេត្តបាត់ដំបង បានឱ្យដឹងថាក្រោយពីទទួលព័ត៌មាន ក្រុមការងារថ្នាក់ខេត្ត មន្ទីរបរិស្ថាន មន្ទីរឧស្សាហកម្ម និងមន្រ្តីពាក់ព័ន្ធ បានចុះទៅពិនិត្យនៅទីតាំងអូរត្រែងនោះ នាព្រឹកថ្ងៃទី២១ខែមីនាឆ្នាំ២០២៥ រកមិនឃើញមានត្រីងាប់ នឹងទឹកមិនមានក្លិនស្អុយនោះទេ គឺទឹកថ្លាធម្មតា មានស្លែខាងក្រោម ធម្មតា ។

លោកបញ្ជាក់ថា ៖« កន្លែងដែលប្រជាពលរដ្ឋថតផ្សាយនោះ ទឹកធម្មតា មានស្លែខាងក្រោម គាត់និយាយមិនដឹងអី ធ្វើឱ្យគេរវល់មួយខេត្ត ក្រុមការងាររាយការណ៍មកថាមិនមានក្លិនស្អុយ មិនមានងាប់ត្រីនោះទេ រូបថតឃើញដូចអញ្ចឹង មើលទៅថាពណ៌ខ្មៅ តាមពិតទឹកថ្លាស្លែខាងក្រោម ដោយសារទឹកហ្នឹងមិនហូ »។
(ឃ្លីបសម្លេងទី៣ លោក កតប៉ូរាណ)

លោកប្រធានមន្ទីរបន្ថែមថា មិនមានទឹកហូរចេញពីរោងចក្រ កែច្នៃផ្លែស្វាយខាងលើដូចការសង្ស័យនោះទេ ព្រោះមន្រ្តីជំនាញបានចុះពិនិត្យ និងណែនាំបច្ចេកទេសឱ្យរោងចក្របិទមិនឱ្យបង្ហូរចូលទឹកអូរនោះឡើយនាពេលកន្លងមក បើសិនមានហូរគឺអាជ្ញាធរភូមិ ឃុំ ស្រុក រាយការណ៍មកភ្លាមហើយ ។
ទោះបីយ៉ាងណាមន្រ្តីជំនាញក៏បានចុះទៅត្រួតពិនិត្យដល់សហគ្រាសធុនតូចកែឆ្នៃផ្លែឈើ និងគ្រាប់ស្វាយចន្ទី ឈ្មៅ ប៉ៃ ស៊ីងសេង ស្ថិតនៅភូមិតាគ្រក់ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ដែលប្រជាពលរដ្ឋរាយការណ៍តាមបណ្តាញសង្គមថាបានបង្ហូរទឹកខ្មៅចូលអូរ ។

ក្នុងកំណត់ហេតុចុះត្រួតពិនិត្យរបស់មន្រ្តីជំនាញ នាថ្ងៃទី២១ខែមីនា បានបញ្ជាក់ថាដោយយល់ថាសហគ្រាសខាងលើធ្លាប់បង្ហូកាកសំពល់រាវចូលក្នុងអូរត្រែងដែលបង្កឱ្យមានផលប៉ះពាល់បរិស្ថាន និងសុខភាពសាធារណៈ ហើយកាលពីថ្ងៃទី២០ខែមីនាមានការរាយការណ៍តាមបណ្តាញសង្គមថាសង្ស័យមានការបង្ហូរចេញពីសហគ្រាសខាងលើនេះ ទើបមន្រ្តីជំនាញចុះទៅពិនិត្យផ្ទាល់ និងបង្ហាញលទ្ធផលថា ៖ ប្រព័ន្ធលូដែលបង្ហូរកាកសំណល់រាវចូលទៅក្នុងអូរត្រែង ត្រូវបានបិទតាមការណែនាំរបស់ក្រុមការងារកាលពីថ្ងៃទី១៦ខែកុម្ភៈឆ្នាំ២០២៥ និង ពុំមានដាក់កាកសំណល់រឹង ដុតសំរាមនៅតាមមាត់អូរទៀតទេ។

សហគ្រាសមានស្រះស្តុកសំណល់រាវចំនួន៤ (បច្ចុប្បន្នកំពុងត្រៀមរៀបចំអាងប្រព្រឹត្តិកម្មសំណល់រាវ) ហើយតាមការបញ្ជាក់ពីម្ចាស់សហគ្រាសមានកន្លែងស្តុកកាកសំណល់រឹងមួយកន្លែងនៅក្បែរតំបន់ជើងភ្នំ ឆ្ងាយពីផ្ទះប្រជាពលរដ្ឋ។ ចំពោះទីតាំងស្ពានស្ថិតនៅផ្នែកខាងក្រោមខ្សែទឹកនៃសហគ្រាស មានសភាពថ្លា ហើយមិនមានការពុលត្រីងាប់ដូចការលើកឡើងតាមបណ្តាញសង្គមនោះឡើយ។ នៅផ្នែកខ្លះនៃអូរ ស្ថិតនៅខាងក្រោយសហគ្រាស មានថ្លុកទឹកតូចៗចំនួន២ ជាទឹកនឹង មានសភាពទឹកពណ៌ខ្មៅ និងមានស្លឹកឈើរលួយ ដែលបង្កឱ្យមានក្លិនស្អុយ ។

កំណត់ហេតុបានបញ្ជាក់ថាមន្រ្តីជំនាញក៏បាន ចុះយកសំណាកទឹកចំនួន០៣ទីតាំង ទី០១ នៅផ្នែកខាងក្រោយសហគ្រាស ទី២នៅផ្នែកខាងលើខ្សែទឹក និងទី៣ ផ្នែកខាងក្រោមខ្សែទឹកទៅពិនិត្យនៅមន្ទីរពិសោធន៍នៅក្រសួងបរិស្ថាន ។

IMG_8790
ទោះបីយ៉ាងណា មន្រ្តីជំនាញបានណែនាំដល់ម្ចាស់សហគ្រាស បង្កើនការដឹកជញ្ជូនសំណល់រាវ និងសំណល់រឹងយកទៅទុកដាក់នៅទីតាំងមានសុវត្ថិភាព និងឆ្ងាយពីប្រជាពលដ្ឋ និងឱ្យពន្លឿន ក្ារសាងសង់អាងប្រព្រឹត្តិកម្មសំណល់រាវជាដើម៕

នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ ក៏មានបំភ្លឺពីក្រុមការងារជំនាញក្រសួងបរិស្ថានថាគឺ រកឃើញមានផលប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋដោយសារការបញ្ចេញសំណល់រាវរបស់រោងចក្រកែច្នៃផ្លែឈើរបស់ក្រុមហ៊ុន ប៉ៃសិងសេង ខេមបូឌា អិនដាសស្ទ្រី ខូអិលធីឌីនៅក្នុងស្រុករតនមណ្ឌល ខេត្តបាត់ដំបង

IMG_4180 IMG_8787

ក្រុមការងារអធិការកិច្ចរបស់ក្រសួងបរិស្ថាន ដឹកនាំដោយលោក កែ វង្សវឌ្ឍនា អគ្គនាយករងអគ្គនាយកដ្ឋានគាំពារបរិស្ថាន បានសហការជាមួយមន្រ្តីនៃមន្ទីរបរិស្ថានខេត្តបាត់ដំបង រដ្ឋបាលស្រុករតនមណ្ឌល អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ បានពិនិត្យផ្ទាល់ករណីបំពុលទឹកអូរត្រែង ស្ថិតនៅឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ដែលបង្កឡើងដោយក្រុមហ៊ុន ប៉ៃសិងសេង ខេមបូឌា អិនដាសស្ទ្រី ខូអិលធីឌី ដែលមានរោងចក្រប្រភេទកែច្នៃផ្លែឈើ និងគ្រាប់ស្វាយចន្ទី។ ក្រុមការងារបានចុះដល់មូលដ្ឋានភូមិចំនួន៦ នៃឃុំត្រែង រួមមាន ភូមិតាគ្រក់ ភូមិស្វាយស ភូមិជីសាង ភូមិរការភឹង ភូមិទួល និង ភូមិភ្ជាវ តាមបណ្ដោយខ្សែទឹក​ខាងក្រោម​របស់ក្រុមហ៊ុន ប៉ៃសិងសេង ខេមបូឌា អិនដាសស្ទ្រី ខូអិលធីឌី។

 

ប្រជាជនរស់នៅភូមិចំនួន២ គឺភូមិតាគ្រក់ ភូមិស្វាយស សុទ្ធតែទទួលរងផលប៉ះពាល់ ពីករណីបំពុលទឹកអូរត្រែងនេះ ព្រោះថាទឹកអូរត្រែងនេះ ត្រូវបានប្រជាពលរដ្ឋប្រើប្រាស់​ប្រចាំថ្ងៃ សម្រាប់ស្រោចស្រពដំណាំ និងចិញ្ចឹមសត្វ។ ដោយឡែកនៅភូមិជីសាង ពុំទាន់មានករណីបំពុលទឹក​អូរនៅឡើយ។ នៅក្នុងថ្ងៃដដែល ក្រុមការងារបានបន្ដតាមដាន​តាមខ្សែបណ្ដោយអូរត្រែង បានរកឃើញថា សំណល់រាវបាន​ហូរមកដល់ចំណុចដីឯកជន មួយកន្លែង ស្ថិតនៅភូមិស្វាយស ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ដែលមានចម្ងាយ ៣,៥គីឡូម៉ែត្រ ពីទីតាំងក្រុមហ៊ុន ប៉ៃសិងសេង ខេមបូឌា អិនដាសស្ទ្រី ខូអិលធីឌី និងបានយកសំណាកទឹក​មកវិភាគបន្ថែម។ នៅត្រង់ចំណុចនេះ ក្រុមកាងារ បានប្រទះឃើញមាន ត្រី កូនបង្កង និងកំពឹសកំពុងពុល និងងាប់។ ប្រជាពលរដ្ឋបានរាយការណ៍បន្ថែមថា តំបន់ទឹកសាធារណៈនៅកន្លែងនេះ មានវត្តមានប្រភេទសត្វផេប្រហែល១០ក្បាល។

IMG_8813

សូមបញ្ជាក់ថានៅផ្នែកខាងក្រៅរោងចក្រ ក្រុមការងារបានរកឃើញករណីមួយចំនួនទៀត ដែលរោងចក្រខាងលើមានការបញ្ចេញសំណល់រាវមិនត្រឹមត្រូវ។ ដោយឡែកក្នុងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ ក្រុមការងារអធិការកិច្ចក្រសួងបរិស្ថាន និងបន្តជូលនៅក្នុងមូលដ្ឋានរោងចក្រ ដើម្បីត្រួតពិនិត្យលើប្រព័ន្ធគ្រប់គ្រងសំណល់រឹង រាវ ប្រព័ន្ធអាងចម្រោះទឹកកខ្វក់ និងបទដ្ឋានបច្ចេកទេសបរិស្ថានរបស់ផលិតកម្មរបស់រោងចក្រផងដែរ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ជាធរមាន។

ក្រសួងបរិស្ថានបាននិងកំពុងអនុវត្តច្បាប់យ៉ាងតឹងរឹង ចំពោះក្រុមហ៊ុនណាដែលរំលោភបំពានច្បាប់របស់កម្ពុជា។ ក្រសួងបរិស្ថានបានដាក់ចេញយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលក្នុងសសរស្តម្ភទី១ នៃយុទ្ធសាស្រ្តគឺភាពស្អាត ដែលមានយុទ្ធសាស្រ្តអាទិភាព៣ គឺ ភាពស្អាតលើដី ភាពស្អាតក្នុងទឹក និងភាពស្អាតក្នុងខ្យល់ ហើយការដាក់ចេញយុទ្ធនាការភាពស្អាតក្នុងទឹកនេះ គឺមានបំណងជំរុញឱ្យសុខភាពរោងចក្រល្អ សុខភាពប្រជាពលរដ្ឋល្អ និងសុខភាពបរិស្ថានល្អ សំដៅភាពឈ្នះឈ្នះ ទាំងអស់គ្នា ដែលឈានឆ្ពោះទៅចីរភាពនៃភាពជោគជ័យ នៃការវិនិយោគ ជោគជ័យនៃការគ្រប់គ្រងបរិស្ថានបានយ៉ាងល្អ និងប្រជាពលរដ្ឋមានសុខភាពល្អ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button